ខេត្តកំពង់ឆ្នាំង៖មនុស្សក្មេងចាស់ប្រុសស្រីចំនួន១១នាក់បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកគោយន្តស្រវឹងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវបះជើងឡើងលើសង្កត់លើមនុស្ស។ ករណីនេះបានកើតឡើងនៅម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃសំរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក កែវ ចំរើន នាយផ្នែកនគរបាលចរាចរណ៏ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ គោយន្តដែលជួបគ្រោះថ្នាក់ខាងលើនេះម្ចាស់ឈ្មោះ ម៉ុក ម៉ាស់ រស់នៅក្នុងភូមិព្រៃសំរោង ឃុំជ្រៃបាក់ កន្លែងកើតហេតុខាងលើ។នៅថ្ងៃកើតហេតុម្ចាស់គោយន្តខាងលើ
បានអោយឈ្មោះ អាន សុភា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា អោយគោយន្តរបស់គេនេះដឹកមនុស្សចាស់ក្មេងប្រុសស្រីជិត២០នាក់ ទៅកាន់បិណ្ឌរៀបចង្ហាន់ព្រះសង្ឃនៅវត្តខ្លុងពពក លុះត្រឡប់មកវិញពេលបើកចូលមកដល់ភូមិទៅហើយ ដោយសារតែអ្នកបើកបរបើកបណ្តើរផឹកស្រាបណ្តើរមានអាការះស្រវឹងផងនោះ ក៏បានរេចង្កូតធ្លា ក់ពីផ្លូវក្រឡាប់បះជើងឡើងលើ បណ្តាលអោយមនុស្ស១១នាក់រងរបួសធ្ងន់និងស្រាល។
ក្រោយពេលកើតហេតុលោកក៏បានទូរស័ព្ទហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកំពងឆ្នាំង មកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗផងដែរ ដែលក្នុងនោះមានអ្នករបួសធ្ងន់៦នាក់ និងស្រាស៥នាក់ដោយ២នាក់មានរបួសធ្ងន់ធ្ងរពេកត្រូវបានគ្រូពេទ្យខេត្ត បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រទីក្រុងភ្នំពេញ។ ចំណែកអ្នកបើកបរគោយន្តវិញ ក្រោយពេលកើតហេតុបានស្វាងស្រាអស់ និងមិនបានរត់គេចទៅណានោះទេ គឺគេបានដឹកយកម្តាយរបស់គេដែលរងរបួសក្នុងហេតុការណ៏នេះដែរន យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តជាមួយអ្នករងគ្រោះដ៏ទៃទៀត។
ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងតាមនិតិវិធី និងបានយកគោយន្តនោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ជាមួយនិងជនរងគ្រោះទាំងអស់នៅពេលក្រោយ៕



































