ខេត្តសៀមរាប៖ ភាពច្របូកច្របល់ នៃការដាក់តាំងលក់ទំនិញចំណីអាហារ ដែលគេហៅថា ផ្ទះលក់ចាប់ហួយនោះ សាខាកាំកុងត្រូលខេត្តសៀមរាប បានរកឃើញថា វាពិតជាបាននាំមកនូវផលប៉ះពាល់ចំពោះសុខភាពប្រជាជន យ៉ាងធ្ងន់ធ្ងរ ។ លោក ជុំ ឌី វឺ រីស អនុប្រធាន
សាខាកាំកុងត្រូលខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងខណៈពេលដែលក្រុមការងារត្រួតពិនិត្យសុវត្តិភាពចំណីអាហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅក្នុងផ្សារទីប្រជុំជន នាឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលក្នុងនោះ រួមមានវត្តមានរបស់មន្រ្តីជំនាញមកពីមន្ទីរពាណិជ្ជកម្មខេត្ត ចូលរួមផងដែរ ។ លោកបានបន្តឲ្យដឹងថា ៖ ការអប់រំឲ្យអ្នកលក់ មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាពអ្នកទិញ និង ការពន្យល់ឲ្យប្រជាពលរដ្ឋជាអតិថិជន ត្រូវយល់ដឹងអំពីជម្រើស នៃការទិញទំនិញម្ហូបអាហារវេចខ្ចប់រួច រួមមានចំណីអាហារកញ្ចប់ និងម្ហូបអាហារច្រកកំប៉ុង ជាដើមនោះ ត្រូវបានធ្វើឡើងជាប់ជាប្រចាំ រួមទាំងមានការបិទផ្សាយ រូបភាពឃោសនា ផងដែរ ។ លោកបានបញ្ចាក់ថា ការចូលរួមរបស់អ្នកលក់ និងការយល់ដឹងរបស់អ្នកទិញ វាជាកត្តាចម្បង នៃការធានាសុវត្តិភាពចំណីអាហារ និងសុខភាព ។ លោក ជុំ ឌីវឺ រីស ដែលជាប្រធានក្រុមការងារចុះត្រួតពិនិត្យនោះ បានបង្ហាញឲ្យដឹងថា ៖ ហាងលក់ទំនិញម្ហូបអាហារ និង ផ្ទះលក់ចាប់ហួយ គឺវាមិនដូចគ្នានោះទេ ។ ផ្ទះលក់ចាប់ហួយ ពិសេសគឺនៅទីជនបទ គេច្រើនតែដាក់តាំងលក់ទំនិញចម្រុះ ដូចជាទំនិញម្ហូបអាហារវេចខ្ចប់រួច គ្រឿងទេស គ្រឿងផ្សំ នៅជាមួយទំនិញប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ដូចជា សាប៊ូ ធូបមូស ថ្មពិល ថ្នាំដុសធ្មេញ រហូតដល់មាន
លក់ប្រេងឥន្ទនៈ ទៀតផង ។ លោកបាននិយាយដោយបង្ហាញអំពីហេតុផល នៃការរៀបចំដាក់តាំងលក់ទំនិញចំណីអាហារដែលមិនបានគិតអំពីបរិស្ថាននិងអនាម័យនេះថា បើទោះជាទំនិញទាំងនោះ មិនហួសកាលបរិច្ឆេតប្រើប្រាស់ក៏ដោយ តែការដាក់តាំងលក់របៀបនេះ វាធ្វើឲ្យខូចគុណភាពទំនិញចំណីអាហារ និងមានគុណវិបត្តិដូចគ្នានឹងការដាក់តាំងលក់ទំនិញចំណីអាហារ ដែលហួសកាលកំណត់ប្រើប្រាស់យ៉ាងដូច្នោះដែរ គឺវាអាចប្រតិកម្មក្លាយទីជាទំនិញ មានជាតិពុលក៏អាចថាបាន ។ ជាមួយហេតុផលទាំងនេះ លោក ជុំ ឌី វឺ រីស អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានបង្ហាញឲ្យដឹងអំពីករណីព្រះសង្ឃ និង ពុទ្ធបរិស៍ទ ពុលការហ្វេទឹកដោះគោនៅវត្តតាអុង ឃុំល្វែងឬស្សី ស្រុកជីក្រែង កាលពីវេលាយប់ថ្ងៃទី០៣ ខែតុលា កន្លងមកនេះថា ៖ វាជាករណីប្រើប្រាស់សារធាតុកាហ្វេ និង ម្សៅទឹកដោះគោ ដែលហួសកាលបរិច្ឆេតប្រើប្រាស់ និងខ្វះអនាម័យ នៅពេលឆុងកាហ្វេនោះ ។ ចំពោះការបង្ហាញអំពីលទ្ធផលនេះ លោកបានបញ្ជាក់ថា ៖ សាខាកាំកុងត្រូលខេត្តសៀមរាប បានបញ្ជូនវត្ថុតាងទាំងនេះ ទៅពិនិត្យមើល នៅឯមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល នាថ្ងៃទី០៤ ខែតុលា ហើយលទ្ធផលត្រូវបានបង្ហាញឲ្យដឹងនៅថ្ងៃទី០៥ ខែតុលានេះ ។ ការពិនិត្យរកឃើញនូវមូលហេតុនេះ គឺវាដូចវាដូចគ្នាទៅនឹងការបំភ្លឺដោយ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែតុលា នេះ ក្រោយពីការសិក្សាអំពីមូលហេតុខាងលើ ៕




































