ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៥នៅសាលាក្រុងសិរីសោភ័ណបានធ្វើពិធីអបអរសារទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ មួយពាន់លានទេសចរណ៍មួយពាន់លានកាលានុវត្តភាព។ពិធីនោះមានការមូលរួមលោកអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយ
មានជ័យ អ្នកស្រីចាន់ថេង អភិបាលក្រុងសិរីសោភ័ណលោកជង់លឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យនិងមន្ត្រីប្រជាពលរដ្ឋជាច្រើននាក់ទៀត។លោកអ៊ុំ រាត្រីបានមានប្រសាសន៍ក្នុងពិធីនោះថាដើម្បីលើកកំពស់វិស័យទេសចរណ៍ឲ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មន្ទីរទេសចរណ៍ត្រូវចូលរួមជំរុញឃោសនាផ្សព្វផ្សាយចលនាប្រឡងប្រណាំង ទីក្រុងស្អាត រម្មណីដ្ឋានស្អាត សេវាល្អ។លោកអ៊ុំរាត្រីបាននិយាយបន្តថាទីក្រុងស្អាតគឺដើម្បីលើកកំពស់សោភ័ណភាព អនាម័យបរិស្ថានល្អរស់នៅប្រកបដោយផាសុខភាព សុវត្តិភាព សណ្តាប់ធ្នាប់កាន់តែល្អប្រសើរនៅតាមទីក្រុងប្រកបដោយភាពបរិស្ថានស្អាត ការគ្រប់គ្រងកាកសំណល់ និងឲ្យមានការបញ្ជ្រាបការយល់ដឹងនៃតំបន់ប៉ៃតង សុខាភិបាល សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង ហេដ្ឋារចនាស័ម្ពន្ធនិងសម្បទានទេសចរណ៍ជាដើម។លោកជង់លឹមប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ដែរថាក្នុងរយះពេល៩ខែដើមឆ្នាំ២០១៥នេះមានភ្ញៀវទេសចរណ៍ចូលមកតាមច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតមានចំនួន២៩៦.៧១៥នាក់ផ្ញៀវថយចុះជាងឆ្នាំមុន១២.១៧ភាគរយបើប្រៀបធៀបរយះពេល៩ខែដើមឆ្នាំ២០១៤មាន៣៣៧.៨៣០នាក់និងមាន១១២សញ្ជាតិ។លោកបានបន្តទៀតថាភ្ញៀវទេសចរណ៍ក្នុងស្រុករយះពេល៩ខែដើមឆ្នាំ២០១៥ចូលមកកំសាន្តតាមរមណីដ្ឋាននានាយ៉ាងច្រើនជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំសកលនិងបុណ្យចូលឆ្នាំចិនវៀតណាមមានចំនួន៣៧១.៣២៨នាក់កើនឡើង១២.៣៦ភាគរយបើប្រៀបធៀបក្នុងរយះពេល៩ខែដើមឆ្នាំ២០១៤កន្លងមកនេះ៕




































