ព្រះវិហារៈ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់លោក អ៊ិត ភូម្រា នាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ បានជម្រុញឲ្យតាមបណ្តាផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ទាំងអស់រឹតបន្តឹងការអនុវត្តច្បាប់ព្រៃឈើ និងការដឹកជញ្ជូន ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ រួមទាំងតាមរោងសិប្បកម្ម កែច្នៃ នានាឲ្យចូលរួមធ្វើលិខិតអនុញ្ញាតិដើម្បីការពារធនធានធម្មជាតិដែលត្រូវបានរលាយដោយអានាធិបតេយ្យ។
ជាក់ស្តែងផ្នែក និងសង្កាត់រវាង បានបានពង្រឹងសាច់ដុំរបស់ខ្លួន ក្នុងការអភិរក្សព្រៃឈើ និងទប់ស្កាត់ការដឹកជញ្ជូនឈើ ដោយគ្មានច្បាប់ដូចភ្ញៀងរលឹម លោក ហង្ស សំរិទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើរវាង បានឲ្យដឹងថាលោក រីករាយ ក្នុងកិច្ចសហការ ជាមួយនិងសារព័ត៌មាន ដើម្បីឃ្លាំមើលនិងបង្ក្រាបការដឹកជញ្ជូនឈើដោយខុសច្បាប់របស់ឈ្មួញ ជា ពិសេសរថយន្តដែលបានលបលួចបង្កប់តាមរយះរថយន្តធំៗ ចេញពីបណ្តាទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
ដោយឡែកនៅវេលាម៉ោង ២.១៥នាទីយប់ ថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០១៥ លោក ជ័យ សេថា នាយសង្កាត់រដ្ឋបាលព្រៃ ឈើរវាង ព្រមទាំងមន្ត្រីក្រោមឪវាទ បានឃាត់កាឡេថង របស់ឈ្មួញមួយគ្រឿង ដែលបានដឹកឈើប្រភេទក្តាផ្តៀក ឈើលេខ២ មួយគ្រឿង ដែលកំពុងតែធ្វើសកម្មភាពដឹកឈើ ដោយគ្មានច្បាប់អនុញ្ញាតិ នៅចំនុចភូមិរំចេក ឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ ខណៈពេលដែលឈ្មួញបានដឹកឈើ នៅលើកំណាត់ផ្លូវជាតិលេខ៦២។
ក្រោយពីឃាត់យានយន្តកែច្នៃរួចក៏បាន នាំយកទៅធ្វើការវាស់វែង នៅសង្កាត់រដ្ឋបាលព្រៃឈរវាង ចំនួនឈើ១៣៥សន្លឹក ស្មើរនិង ២ម៉ែត្រគូប ៥៧៨ វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកនៅសង្កាត់ និងរងចាំឲ្យម្ចាស់កាឡេថង ចូលមក ផាក់ពិន័យតាមច្បាប់។
ដោយ ប៊ុន រដ្ឋា