ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យដឹកនាំដោយព្រះរាជអាជ្ញា លោកផាន់ វណ្ណ រត្ន័ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿង ញៀននៅចំណុច
ផ្លូវលេខ២សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដោយឃាត់ខ្លួនជន សង្ស័យបានចំនួន៤នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួន ។លោកធិនស៊ិនដេតនាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ នៅក្នុងការចុះបង្ក្រាបក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្ដមសេនីយ៍ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ។លោកដេតបាននិយាយបន្តទៀតថាមុនពេលកើតហេតុកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះអៀង ស៊ីវណ្ណា ហៅឆែប អាយុ២៨ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ៣កញ្ចប់ ក្រោយការសួរនាំរួចមក កម្លាំងរបស់លោក បានឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យឈ្មោះស៊ិន បារាំង អាយុ២៣ឆ្នាំ រស់នៅភូមិអណ្ដូងផ្លូវ ឃុំគំរូ ស្រុកថ្មពួក ដោយដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤កញ្ចប់ថែមទៀត។ បន្ទាប់ពីសួរនាំជនសង្ស័យទាំង២នាក់នេះរួចមក កម្លាំងនគរបាលក៏បានឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យពីរនាក់ទៀតទី១ ឈ្មោះសាំ ពិសិដ្ឋ អាយុ២៣ឆ្នាំ រស់នៅភូមិត្រញំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក និងម្នាក់ទៀតឈ្មោះវ៉ែន វិសាល អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិកណ្ដាលលិច ឃុំស្រះជីកស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង៤នាក់កម្លាំងសមត្ថកិច្ចបាន ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧ កញ្ចប់ទូរស័ព្ទដៃ ពីរគ្រឿង ម៉ូតូមួយគ្រឿង និងឧបករណ៍សម្រាប់ជក់ប្រើប្រាស់មួយចំនួនផងដែរ។ជនសង្ស័យទាំង៤នាក់នោះត្រូវបានសួរនាំនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕





































