រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ និងស្ត្រីជាមេខ្យល់ជនជាតិខ្មែរម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ឧសភា នៅចំណុចផ្ទះលេខ១៦៦ ជាន់ទី២ ខាងត្បូងវិទ្យាល័យជា ស៊ីម សន្ធរមុខ ផ្លូវ១៣៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ដោយរំដោះបាននារីរងគ្រោះ៧នាក់ ក្នុងករណី
ជួញដូរមនុស្ស រៀបការឆ្លងដែនទៅប្រទេសចិនខុសច្បាប់។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងលោកវរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ។ ជនជាតិចិន២នាក់មិនទាន់ត្រូវគេស្គាល់ឈ្មោះនៅឡើយ ចំណែកស្ត្រីជាមេខ្យល់ឈ្មោះ ឈួន លីដា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានលិខិតឆ្លងដែនចំនួន០៧ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងនារីរងគ្រោះ៧នាក់ ត្រូវនាំទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ៕