ខេត្តសៀមរាប៖ តំណែងលោកលីវសុខុនអនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំនួសលោក កែវ ពេជ្រនិមល ប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍ និង ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួង
ព័ត៌មាន កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ឃឹម ប៊ុនសុង អភិបាលនៃញណៈអភិបាលខេត្ត និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីការិយាល័យក្រោមឱវាទនៃមន្ទីរព័ត៌មានផងដែរ ។បន្ទាប់ពីសេចក្តីរាយការណ៍អំពីសកម្មភាព លទ្ធផលដែលមន្ទីរព័ត៌មានខេត្តអនុវត្តបាន ក្នុងរយៈពេលអាណត្តិដឹកនាំរបស់លោក កែវ ពេជ្រនិមល ជាប្រធានមន្ទីររួចមក លោក ឃឹម ប៊ុនសុង បានថ្លែងថា ការប្រកាសតែង តាំងមុខដំណែងនេះ គឺជាការប្រគល់ភារកិច្ច និង ជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឲ្យសាម៉ីខ្លួន ត្រូវតែបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និង ទេពកោសល្យ ជំនះឲ្យបានរាល់ភាពលំបាកនានាដែលកើតមានឡើងកន្លងមក ។បន្ទាប់ពីការអាននូវសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន និង ការប្រគល់ត្រា និងសេចក្តីប្រកាស ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរដែលទើបនឹងតែងតាំងថ្មី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលបានផ្ដល់សេចក្ដីទុកចិត្តបាន ប្រគល់ភារកិច្ចជូនដល់លោក ដោយបានធ្វើការប្ដេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ខិតខំអនុវត្តគោលនយោបាយរបស់ក្រសួង និងខិតខំបម្រើការងារឲ្យអស់ពីកម្លាំងកាយចិត្ត ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង គ្រប់អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ពង្រឹងសាមគ្គីផ្ទៃក្នុងជាមួយនឹងមន្ត្រីក្រោមឱវាទរបស់មន្ទីរឲ្យបានជិតស្និទ្ធ និងខិតខំអនុវត្តសម្រេចនូវភារកិច្ចដោយមនសិការវិជ្ជាជីវៈខ្ពស់ ។មានប្រសាសន៍សំណេះសំណាលនោះដែរ
លោក ខៀវ កាញារិទ្ធ ក៏បានលើកឡើងថា វិស័យសារព័ត៌មាន និង ប្រព័ន្ធសារព័ត៌មាន គឺជាកត្តាសំខាន់បំផុត ដែលជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គម និង ធ្វើឲ្យប្រជាពលរដ្ឋ ស្រប ទាប់មហាជននៅគ្រប់ទិសទីលើសកលលោក បានដឹងច្បាស់អំពីសភាពការ ព្រឹត្តិការណ៍ពិតៗ ដែលកើតឡើង និង បានទាន់ពេលវេលាទៀតផង ។ ម៉្យាងទៀត យើងក៏ត្រូវធ្វើការពង្រឹង និង ពង្រីកនូវវិស័យសារព័ត៌មាន ក្នុងការប្រកួតប្រជែងទាំងខ្លឹមសារ និង គុណភាព ក្នុងពេលសមាហរន្តកម្មគ្រប់ជ្រុងជ្រោយទាំងក្នុងប្រទេស និងក្នុងតំបន់អាស៊ាន ។ លោក ខៀវ កាញារិទ្ធ ក៏បានលើកផងដែរ អំពីភាពរីកចម្រើននូវបច្ចេកវិទ្យា នៃព័ត៌មានវិទ្យានៅលើពិភពលោក នា ពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ការប្រកាសតែងតាំងថ្នាក់ដឹកនាំមន្ទីរថី្មនាពេលនេះ ក៏ជាតម្រូវការដ៏ចាំបាច់បំផុត ក្នុងការដឹកនាំវិស័យសារព័ត៌មានក្នុងខេត្តសៀមរាប ដែលជាខេត្តប្រវត្តិសាស្ត្រ ដែលបាន កំពុងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត ។ ដោយកត្តាទាំងនេះហើយ អ្នកសារព័ត៌មាន យើងត្រូវចេះធ្វើការថ្លឹងថ្លែង នូវគ្រប់សភាពការណ៍ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និង សេដ្ឋកិច្ច របស់ជាតិផងដែរ ។ ដូច្នេះយើងត្រូវតែរួមកិច្ចសហការគ្នា សាមគ្គីភាពផ្ទៃក្នុង និង ការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរ ស្ថាប័ន អង្គភាពនានា ដើមី្បឲ្យការងារសារព័ត៌មានរបស់យើងមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយ ចំនួនក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ ពីការសុំចូលនិវត្តន៍របស់ឯកឧត្តម ដើមី្បទុកឲ្យក្មេងៗជំនាន់ក្រោយ ធ្វើការដឹកនាំបន្តលើវិស័យនេះ ផងដែរ ។ក្នុងនោះដែរក៏មានបំពាក់នូវគ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការដែលមានស្នាដៃ ក្នុងការបំពេញការ ងារ ចំនួន០៦រូប ក្នុងនោះគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍ ០១រូប , មេដាយមាសការងារ ០៤រូប និង មេដាយ សំរឹទ្ធការងារ ០១រូបផងដែរ ៕




































