ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ២នាក់ទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យ
ទាំង ២នាក់ បានធ្វើសកម្មភាពដោយយកដំបងឈើទៅវាយលើព្រះសង្ឃ ១មួយ គង់នៅវត្តបន្ទាយជ្រុំ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បណ្តាលឲ្យព្រះសង្ឃខាងលើរងរបួសពេញខ្លួន ត្រូវបានព្រះសង្ឃក្នុងវត្ត និងលោកអាចារ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអង្គរការ ។លោកវរសេនីយ៍ទោ យុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនដៃដល់ទាំង ២នាក់ៈ ទី១.ឈ្មោះ លឹម សីហា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២.ឈ្មោះ ប្រេស សំរិត ហៅកិក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាទាហាន រស់នៅភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម នន ផល្លី ព្រះជន្ម ២៥វស្សា គង់នៅវត្តបន្ទាយជ្រុំ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ។លោកនាយការិយាល័យ បានបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ឈ្មោះ លឹម សីហា និងឈ្មោះ ប្រេស សំរិត បាននាំគ្នាផឹកស្រានៅផ្ទះរបស់ឈ្មោះ អួច ពីខាងកើតវត្តបន្ទាយជ្រុំ លុះផឹកស្រាអស់នៅ
វេលាម៉ោងប្រហែល ២០ : ០០នាទី ឈ្មោះ លឹម សីហា បានបបួលគ្នាជាមួយឈ្មោះ ប្រេស សំរិត ដើរចូលទៅក្នុងវត្តបន្ទាយជ្រុំ ក្នុងគោលបំណងទៅវាយព្រះសង្ឃព្រះនាម នន ផល្លី ដោយហេតុថា មួយរយៈពេលកន្លងមកឈ្មោះ លឹម សីហា មានទំនាស់ពាក្យសម្តី និងជជែករកវាយគ្នាជាមួយព្រះសង្ឃអង្គនេះ ជាច្រើនលើកច្រើនសាររួចមកហើយ ។ លុះពួកគេដើរទៅដល់បន្ទប់សឹងរបស់ព្រះសង្ឃ នន ផល្លី បន្ទាប់មកឈ្មោះ ប្រេស សំរិត បានស្រែកជេរនៅមុខបន្ទប់លោក រីឯឈ្មោះ លឹម សីហា បានហក់ធាក់ទ្វារចូលទៅក្នុងបន្ទប់ យកដំបងឈើដែលកាន់ពីខាងក្រៅ ទៅវាយលើព្រះសង្ឃ នន ផល្លី ជាច្រើនដំបងបណ្តាលឲ្យបាក់ជាច្រើនកំណាត់។ ចំណែកព្រះសង្ឃ នន ផល្លី រងរបួសហូរឈាមពេញខ្លួន ត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យអង្គរការ ។ ទាក់ទងនឹងករណីនេះ លោកនាយការិយាល័យបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ ចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកត្រាំកក់ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនមកកាន់ការិយា ល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕




































