សៀមរាប៖ពុទ្ធបាទទម្ងន់ប្រហែលជាង២តោន មានទីតាំងដើមនៅរួតព្រះពាន់ប្រាសាទអង្គរវត្ត ដែលរងការបាក់បែកជា៦៤បំណែក តម្កល់ទុកនៅអភិរក្សដ្ឋានអង្គរតាំងពីឆ្នាំ១៩៨៥ ត្រូវបានក្រុមជំនាញជួសជុលចម្លាក់សិល្បៈ របស់អាជ្ញាធរជាតិអប្សរា ដែលបណ្តុះបណ្តាលដោយសាកលវិទ្យាល័យPalermo ប្រទេសអ៊ីតាលី ធ្វើការជួសជុលផ្គុំឡើងវិញ តាមទម្រង់ដើម ដើម្បីតម្កល់ទុកជាមរកបេតិកភណ្ឌរបស់ជាតិ។
កញ្ញា មាស សុភាព អ្នកជំនាញផ្នែកជួសជុលវត្ថុបុរាណនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានបញ្ជាក់កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ថា ពុទ្ធបាទដែលក្រុមការងារកំពុងជួសជុលនេះមានចំនួន១គូ ដែលត្រូវបានកសាងឡើងក្នុងសម័យកណ្តាល (សវទី១៤ដល់១៦)។ ពុទ្ធបាទខាងស្តាំមានរូបរាងពេញលេញ គ្រាន់តែខូចខាតខ្លះនៅផ្នែកខាងក្រោម។ ចំណែកពុទ្ធបាទខាងឆ្វេងបានបាក់បែកជា៦៤បំណែក ដែលក្រុមការងារបានចាប់ផ្តើមជួសជុលផ្គុំឡើងវិញ តាំងពីឆ្នាំ២០១២មក។
កញ្ញាបន្ថែមថា ក្នុងពេលដែលផ្គុំឡើងវិញនេះ បំណែកពុទ្ធបាទទាំង៦៤នេះពុំអាចផ្គុំចេញជារូបរាងពេញលេញទេ។ ដូច្នេះ ក្រុមជំនាញបានជំនួសផ្នែកខ្លះដែលបាត់បង់ដោយថ្មថ្មីវិញ។ តែជាភព្វសំណាង នៅចុងខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមជំនាញបានបន្តការរុករកក៏បានប្រទះឃើញបំណែក ១៥បន្ថែមទៀត ដែលអាចជាបំណែកនៃពុទ្ធបាទដែលបាត់បង់ នៅមណ្ឌលរក្សាទុកវត្ថុសិល្បៈ ផ្នែកខាងត្បូងប្រាសាទអង្គរវត្ត។ ប្រសិនបើក្រោយពីសម្អាតហើយ ឃើញថាពិតជាបំណែកផ្សេងទៀតនៃពុទ្ធបាទនោះ ក្រុមការងារនឹងធ្វើការជួសជុលផ្គុំឡើងវិញ ក្នុងន័យរក្សាឲ្យបាននូវទ្រង់ដើមនៃចម្លាក់សិល្បៈបុរាណ។
លោក ហ៊ូ នឡាមុនី អ្នកជំនាញបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាសមាជិកនៃក្រុមជួសជុលពុទ្ធបាទ បានបញ្ជាក់ថា បើទោះជាមានការរុះរើជួសជុលឡើងវិញក៏ដោយ ក៏ពុំមានបញ្ហាដល់ចម្លាក់ដើមទេ ដោយសារការជួសជុលអភិរក្សសម្បត្តិបេតិកភណ្ឌ ត្រូវបានធ្វើឡើង ដោយគោរពទៅតាមគោលការណ៍សំខាន់ៗគឺ មាំទាំ យូរអង្វែង និងអាចសើរើវិញបាន។
ភាពជោគជ័យនៃការជួសជុលផ្គុំឡើងវិញនូវពុទ្ធបាទនេះ ជាការបញ្ជាក់ឲ្យឃើញពីសមត្ថភាពខ្ពស់របស់អ្នកជំនាញខ្មែរ ដែលអាចជាបទពិសោធន៍ដ៏សំខាន់ឈានទៅជួសជុល និងអភិរក្សវត្ថុសិល្បៈផ្សេងទៀត ដែលទទួលរងការខូចខាតបែបនេះ ឲ្យមានតួនាទី និងមានតម្លៃក្នុងការបូជាឡើងវិញ៕ខេង ឧត្តម



































