នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៊ុន ថាប្ញទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត និងអស់លោក លោកស្រី អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន១៧រូប លើ១៩រូប រួចមក ឯកឧត្តម នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី១៧អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកអង្គប្រជុំទាំង មូលក៏បានធ្វើការពិភាក្សា ពិនិត្យ និង អនុម័តទៅលើរបៀបរវារៈកិច្ចប្រជុំផងដែរ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានធ្វើការប្រកាសទទួលស្គាល់ លោក ជៀវ សុរិយា ជាសមាជិកក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ជំនួស លោក ពៅ ពិសិដ្ឋ ដែលបានទៅទទួលភារកិច្ចថ្មី ព្រមទាំងបានធ្វើការពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ និង កាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ និង ពិនិត្យ ពិភាក្សា និង អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំ ត្រីមាសទី៣ ឆ្នាំ២០១៥ ស្តីពីការអនុវត្តរដ្ឋបាលខេត្តសៀមរាប និង ការពិនិត្យ និង អនុម័តលើការទទួលស្គាលប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត និង ធ្វើការប្រជុំជាសម្ងាត់ផងដែរ ។
ក្នុងនោះកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ក៏បានធ្វើការពិភាក្សា និង លើកឡើងនូវមតិយោបល់យ៉ាងល្អិតល្អន់ ផុលផុស ទៅលើរបៀបវារៈ ក្នុងនោះសមាជិកក្រុមប្រឹក្សាខេត្ត ក៏លើកឡើងនូវបញ្ហាមួយចំនួន អំពីបញ្ហាវិវាទដីធ្លីនៅស្រុកអង្គរធំ ការរៀបចំផ្លូវក្នុងក្រុងសៀមរាប , ភាពមិនប្រក្រតីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង បញ្ហាការរំលោភដី ព្រៃឈើ និង ប្រាក់រង្វាន់ជាដើម ។
ក្នុងនោះដែរ ប៊ុន ថាប្ញទ្ធិ ក្នុងនាមលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការបកស្រាយបំភ្លឺ នូវរាល់សំណួរដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង ដែលពាក់ព័ន្ធទៅនឹង អំពីបញ្ហាវិវាទដីធ្លីនៅស្រុកអង្គរធំ ការរៀបចំផ្លូវក្នុងក្រុងសៀមរាប , ភាពមិនប្រក្រតីក្នុងការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង បញ្ហាការរំលោភដី ព្រៃឈើ ។ ក្នុងនោះដែរឯកឧត្តម ក៏បានអនុញ្ញាតឲ្យ បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធទៅ រាល់ចំណោទបញ្ហាប្រឈមមួយចំនួន ដោយបានធ្វើការបកស្រាយបំភ្លឺនូវរាល់បញ្ហានូវរាល់ចម្ងល់ដែលបានលើកឡើងទាំងនោះផងដែរ ។
ឆ្លងតាមការបកស្រាយរបស់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និង អាជ្ញាធរក្រុង ស្រុករួចមក កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត បាន អនុម័ត ទៅតាមរបៀបវារៈដែលបានគ្រោងទុកក្នុងកិច្ចប្រជុំនេះ ។
មានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំនោះ លោក នូ ផល្លា ក៏បានធ្វើការណែនាំមួយចំនួនដល់ប ណ្តាមន្ទីរ អាជ្ញាធរក្រុង ស្រុក និង កម្លាំងសមត្ថកិច្ច ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួន ដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង ដែលចំណោទយ៉ាងខ្លាំងនោះលើការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានរយៈពេលយូ និង សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ដោយយកសេវាលើសពីការកំណត់របស់រដ្ឋ សូមឲ្យមន្ត្រីទាំងនោះធ្វើការកែប្រែទន្លាប់នៃទង្វើរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេនឹងត្រូវទទួលនូវការដាក់ពិន័យ និង ប្រឈមនឹងមុខច្បាប់ ហើយអាជ្ញាធរស្រុក អង្គភាពពាក់ព័ន្ធបញ្ហាដីធ្លីត្រូវបន្តដោះស្រាយស្រាវជ្រាវពីការរំលោភដីព្រៃឈើ និង ការរៀបចំពង្រីកផ្លូវក្នុងក្រុងផងដែរ ។ ក្នុងឯកឧត្តមក៏បានការកំណត់កាវិភាគនៃកិច្ចប្រជុំវិសាមញ្ញលើកទី១៨ របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ផងដែរ ។ លោក នូ ផល្លា ក៏បានថ្លែងអំណរគុណដល់មន្ត្រីក្រោមឱវាទក្នុងខេត្ត ដែលបានអនុវត្តប្រតិបត្តិការការងារ ឲ្យទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍នៅតាមមូលដ្ឋានឃុំ សង្កាត់ ឲ្យមានការរីកចម្រើន ដើម្បីជាមូលដ្ឋាន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការបង្ខឹតសេវាសាធារណៈនូវជិតប្រជាជន និង ការអភិវឌ្ឍន៍មូលដ្ឋានតាមបែបប្រជាធិបតេយ្យ សំដៅឆ្លើយតប ទៅនឹងតម្រូវការប្រជាពលរដ្ឋ និង រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ៕ដោយគឿនវ៉េត



































