ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នេះ លោកឈុន ឃាងមន្ត្រីកាំកុងត្រូលខេត្តបានចុះសហការជាមួយមន្ត្រីសេដ្ឋកិច្ចខេត្ត និងមន្ត្រីជំនាញមួយចំនួនទៀត ចុះត្រួតពិនិត្យតាមទីផ្សារដើម្បីរកទំនិញណាគ្មានគុណភាពតម្លៃថោកដែលឈ្មួញទិញពីជនខិលខូចយកមកដាក់តាំងលក់យ៉ាងអាណាធិបតេយ្យនៅទីផ្សារ ។លោក ស៊ាន ស៊ីណាតប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថា មន្ត្រីជំនាញរបស់លោកបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាពដូចភ្លៀងរលឹម។លោកបានបន្តទៀតថាកម្លាំងសមត្ថកិច្ចជំនាញបានខិតខំប្រឹងប្រែងទប់ស្កាត់ធ្វើការណែនាំដល់ឈ្មួញទាំងឡាយណាបន្តលួចនាំចូលពីប្រទេសជិតខាងយើង និងធ្វើការណែនាំឬឃាត់ខ្លួនម្ចាស់តែម្តងដើម្បីឲ្យប្រជាពលរដ្ឋមានសុខភាពល្អ ។
លោកបន្តថា ព្រឹកនេះក្រុមការងារបានផ្តោតទៅលើទឹកខ្មេះរូបទន្សាយថៃ ក្រហម ដែលនាំចូលពីប្រទេសថៃ ដោយប្រជាពលរដ្ឋខ្វះការយល់ដឹង ព្រោះទឹកខ្មេះនេះនៅប្រទេសថៃ គេប្រើសំរាប់យកទៅដាក់លាយពណ៌ ជាមួយក្រណាត់ ឲ្យមានសម្រស់ស្រស់តែប៉ុណ្ណោះ ចំណែកពលរដ្ឋយកមកលាយផ្សំជាមួយមុខម្ហូប ខ្លះធ្វើជ្រួក់ យកមកបរិភោគ ដោយមិនគិតពីសុខភាពផ្ទាល់ខ្លួន។លោកបានបន្ថែមថា ដូច្នេះលោកជាមន្ត្រីជំនាញ ត្រូវខិតខំប្រឹងប្រែង ទប់ស្កាត់ណែនាំដល់ពលរដ្ឋបន្ថែម
ទៀត ឲ្យយល់ដឹងទាំងអស់គ្នា មិនថាឈ្មួញ ឬអាជីវករតូចធំ ត្រូវតែបញ្ឈប់បន្ទាន់ការនាំយកទឹកខ្មេះរូបទន្សាយមកបរិភោគ ឲ្យសោះ។លោកប្រធានកាំកុងត្រូលបានអំពាវនាវ ដល់ដល់ប្រជាពលរដ្ឋទាំងអស់ គួរចេះពិចារណាបញ្ហាសុខភាព បញ្ហាមុខម្ហូប មុខទំនិញណាដែលគួរទិញ ប្រើប្រាស់ឬបរិភោគ។
នៅព្រឹកនេះកំលាំងសមិត្តចំរុះបានចុះត្រួតពិនិត្យ នៅតាមផ្សារធំៗចំនួន២
និងបានដកហូតបានទឹកខ្មេះ រូបទន្សាយថៃជាច្រើនដប កម្ទេចនំ កម្ទេចមី ចាហួយដូង ត្រីខ ទឹកក្រូច នាំពីប្រទេសថៃ និងមុខទំនិញជាច្រើនប្រភេទទៀតផងដែរ។ក្នុងនោះមន្ត្រីចម្រុះ បានឲ្យម្ចាស់មុខទំនិញដែលហូត គ្មានគុណភាព ធ្វើការណែនាំ និងធ្វើកិច្ចសន្យា នៅកន្លែង និងប្រមានថា ប្រសិនជាលើក ក្រោយៗមានដាក់តាំង លក់បន្តនោះ នឹងចាត់ការតាមនីតិវិធំច្បាប់ជាធរមាន៕


































