ខេត្ដបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ គេបានឃើញមនុស្ស ៤-៥នាក់សង្ស័យជាជនជាតិវៀតណាម និងបុរសម្នាក់ជាជនជាតិខ្មែរបានដឹកនាំ ជីកកកាយដីនៅក្រោមតោស្ពានថ្មចាស់ ខេត្ដបាត់ដំបងបំណងជីកកាយរកកំណប់។ករណីដែលមានមនុស្សមកជីក កកាយដីនៅក្រោមតោស្ពានថ្មចាស់ខេត្ដបាត់ដំបងនេះគេសង្ស័យជីកកកាយរក កំណប់ ។
ប៉ុន្ដែលោកចាន់ សុផល អភិបាលខេត្ដបាត់ដំបងបានអោយដឹងថា៖ អ្នកជីកដីនៅក្រោមតោ ស្ពានថ្មចាស់នោះដើម្បីកកាយកអាចម៍ដីចេញចាក់ថ្មក្រួសចូលលុបរន្ធចាស់ ដែលគេជីកកកាយរកកំណប់កាលពីមុន ។ លោកបានអះអាងទៀតថា អ្នក ដែលមកជីកនោះមានច្បាប់ទម្លាប់ ត្រឹមត្រូវហើយដីដែលបានជីកកកាយ ដើម្បីដឹកយកទៅពិសោធន៍និងចង់ដឹងថា នៅក្រោមតោនោះមិនមាន កំណប់អ្វីនោះទេកុំឱ្យអ្នកក្រោយៗចេះតែ មកលួចជីបន្ដទៀត ។
អ្នកឃើញមនុស្សដែលកំពុងជីកកកាយដីសាជាថ្មីនៅក្រោមតោលើ ស្ពានថ្មចាស់ខេត្ដបាត់ដំបងបានឱ្យដឹងថា ៖ មានបុរសជនជាតិវៀតណាម៣នាក់ ហើយមានបុរសម្នាក់ជាជនជាតិខ្មែរ និងជាអ្នកមានអំណាចមួយរូបអាយុប្រហែល ៤០ឆ្នាំ កម្ពស់១.៥៦ម៉ែត្រ សម្បុរខ្មៅជើងសក់ធំ និងមានរថយន្ដម៉ាកវីហ្គោ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ ។ បើតាមប្រភពព័ត៌មានបានបន្តទៀតថា៖ នៅក្រោមតោ ស្ពានថ្មចាស់នេះមានកំណប់ចំនួន១បាវ ដែលកាលពីសម័យប៉ុលពតត្រូវបានគេ កប់នៅខាងក្រោមនោះ ។
ប៉ុន្ដែនៅក្នុង អំឡុងឆ្នាំ១៩៨០ ត្រូវបានកងទ័ពវៀតណាម ប្រចាំការនៅមាត់ស្ទឹងសង្កែ ខេត្ដបាត់ ដំបងនេះបានជីកយកទាំងថ្ងៃបាត់ទៅហើយ ។ គួររំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ ២០១៣ មានបុរសជនជាតិវៀតណាម ៥នាក់និងស្ដ្រីវៀតណាមម្នាក់បានមក ជីកកកាយរកកំណប់នៅក្រោមតោថ្ម ស្ពានចាស់ខេត្ដបាត់ដំបងនេះ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចតាមចាប់ខ្លួន បាននៅស្រុកមោងឫស្សីមានទាំងសម្ភារ ជីកកកាយមួយការុងផងដែរ ហើយបាន កសាងសំណុំរឿងបបញ្ជូនទៅតុលាការ ៕