បន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យភ្ជុំធំថ្ងៃទី១២ និងថ្ងៃទី១៣ កន្លងទៅនេះរមណីយដ្ឋានប្រវត្តិសាស្ត្រនៃអាងទឹកត្រពាំងថ្ម ដែលពលរដ្ឋខ្មែរភាគច្រើនបានឆ្លងកាត់តំបន់នេះ នៅតែជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ មកទស្សនា និងកំសាន្ត លេងយ៉ាងសប្បាយក្នុងមួយថ្ងៃជាង១ម៉ឺនាក់ ។
លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានអោយដឹងថា ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ អាងទឹកត្រពាំងថ្ម ក្នុងថ្ងៃទី១ ទទួលបានប្រជាពលរដ្ឋខ្មែរមកកំសាន្តលេង ជិត២ម៉ឺននាក់ ចំណែកថ្ងៃទី២ទទួលបានជាង១ម៉ឺននាក់ ថយចុះប្រមាណជា៣០% ។ សម្រាប់ការមកកំសាន្តលេង ពួកគាត់ខ្លះលេងទឹក ខ្លះរាំរែក ក្រោមស្ពាន និងខ្លះទៀតអង្គុយជួបជុំបងប្អូនទទួលទានអាហារបែបធម្មជាតិ ដូចជាត្រីដុតមាន់ដុត ត្រីប្រៃ ហើយខ្លះទៀតទស្សនាសត្វស្លាប ដែលមានច្រើនប្រភេទ ជាពិសេសគឺសត្វគ្រាល ។
ក្រៅពីការកំសាន្តខាងលើ ស្រុកភ្នំស្រុកនៃចំនុចស្ពានស្រែង ដែលជាច្រកបង្ហូទឹកមួយយ៉ាងធំក៏បានការរៀបចំការប្រណាំងទូកលេងយ៉ាងសប្បាយផងដែរ ។ ដើម្បីធានាអោយបានសន្តិសុខសណ្តាប់ធ្នាប់ ភ្ញៀវទេសចរណ៍ជាតិ ដែលមកកំសាន្តនៅអាងទឹកត្រពាំង ក៏ដូចជានៅក្នុងស្រុកភ្នំស្រុកទាំងមូល ក្រោមការរៀបចំដាក់ផែនការរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្ត ដោយមានលោកស្នងការរង ចាន់ តារា ចុះដោយផ្ទាល់កម្លាំងនគរបាលស្រុកភ្នំស្រុក និងកម្លាំងប្រជាការពារ រួមនិងប្រជាសហគមន៍ បានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ តាមទីវត្តអារាម និងតំបន់មួយចំនួនទៀតដែលសំបូរទៅដោយប្រជាពលរដ្ឋទៅកំសាន្ត ។ តាមរយៈការការពារយ៉ាងល្អិតល្អន់ នេះធ្វើអោយមិនមានការស្ទះចរាចរ និងបទល្មើសព្រហ្មទណ្ឌ ឬគ្រោះថ្នាក់ចរាចរកើតមានឡើយ ។
លោក សេង គី អភិបាលស្រុកភ្នំស្រុកបានអោយដឹងផងដែរថា ក្រោមការអភិវឌ្ឍរបស់រដ្ឋាភិបាលធ្វើអោយស្រុកភ្នំស្រុកមានផ្លូវក្រាលកៅស៊ូតភ្ជាប់លេខ៦ មកកាន់អាងទឹកត្រពាំងថ្ម និងការរៀបចំខ្នងអាង ព្រមទាំងប្រព័ន្ធធារាសាស្ត្រជាច្រើនបានបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាលេងនៅអាងទឹកត្រពាំងថ្ម ៕




































