ខេត្តកំពង់ឆ្នាំង ៖ផ្ទះទឹករបស់អាជីវករទិញត្រីមួយខ្នងត្រូវបានភ្លើងឆាបឆេះដោយសារផ្ទុះអាគុយប្រើប្រាស់ឋាមពលពន្លឺព្រះអាទិត្យ ពេលម្ចាស់ផ្ទះមិននៅ តែត្រូវបានអ្នកស្រុករស់នៅជិតខាងគាស់ទ្វារផ្ទះជួយពន្លត់ទាន់ពេលវាលា។ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង២និង ៣០នាទី រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយអោយដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ គៀត សារិន ( ហៅហូយ ) អាយុ៥១ឆ្នាំ ជាអ្នកទិញលក់ នៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើលហេតុម្ចាស់ផ្ទះបានទៅធ្វើបុណ្យនៅផ្ទះបងប្អូន ដោយបើកចរន្តឋាមពលពន្លឺព្រះអាទិត្យបញ្ជូលអាគុយចោលនិងចាក់សោរផ្ទះជាប់ ។
នៅម៉ោង២និង៣០នាទីរសៀល ស្រាប់តែគេឮស្នូរផ្ទុះអាគុយសម្រាប់ប្រើពន្លឺព្រះអាទិត្យ ១៥០អំពែរ២គ្រឿង បង្កអោយមានអគី្គភ័យឆេះឡើង បណ្តាលអោយមានផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីក្នុងផ្ទះធ្វើអោយមានការភ្ញាក់ផ្អើលឡើង។ក្នុងពេលនោះដែរអ្នករស់នៅជិតខាង ក៏បាននាំគ្នាគាស់ទ្វារផ្ទះចូលទៅជួយពន្លត់ ដោយខ្លះបានប្រើម៉ាស៊ីនបូមទឹកបាញ់ពន្លត់រហូតភ្លើងបានរលត់ទៅវិញ។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ នៅក្នុងហេតុការណ៍នេះ បណ្ដាលអោយខូចខាតអាគុយ ១៥០ អំពែចំនួន២គ្រឿង ឆេះពិដាន ជញ្ជាំងផ្ទះ និងឥវ៉ាន់ក្នុងផ្ទះអស់មួយចំនួន ករណីនេះបើគ្មានអ្នកជិតខាងជួយទាន់ពេលវេលានោះទេ ផ្ទះទាំងមូលនិងពិតជាឆាបឆេះខ្ទេចអស់ស្រុងជាពុំខានឡើយ ហើយបញ្ហា
នេះក៏ជាដំណឹងមួយសំរាប់អ្នកប្រើប្រាស់ អគ្គីសនីពន្លឺព្រះអាទិត្យគួរតែមានការប្រុងប្រយត្ន័អោយបានខ្ពស់ នៅពេលចេញពីផ្ទះគួរតែបិតចរន្តអគ្គីសនីកុំធ្វេសប្រហែសអោយសោះ៕



































