ខេត្តកំពង់ឆ្នាំង៖ យុវជន២នាក់ដែលជាបងប្អូនជីដូនមួយនឹងគ្នា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តក្រុងមួយគ្រឿង បានបុកម៉ូតូជនរងគ្រោះពេញទំហឹងក្នុងទិសដៅច្រាស់គ្នា។ហេតុការណ៍ដ៍គួរអោយរន្ធត់នេះ បានកើតឡើងនៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់អោយដឹងថា៖ យុវជនរងគ្រោះទាំង២មានឈ្មោះ មឿន ចាន់រ៉ា អាយុ២៤ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ យ៉ាន សុណាក់ អាយុ២៤ឆ្នាំ ជាអ្នកអង្គុយពីក្រោយ ពួកគេទាំង២នាក់
រស់នៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រថយន្តក្រុងបង្កហេតុរបស់ក្រុមហ៊ុន លី ហុង ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 3C-8777 បើកដឹកអ្នកដំណើរ៤៥នាក់ ក្នុងទិសដៅពីភ្នំពេញទៅក្រុងប៉ោយប៉ែតបានបុកម៉ូតូ១គ្រឿងម៉ាកស្កូបពីសេរី២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខច្រាស់ទិសគ្នា បណ្តាលស្លាប់យុវជនទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សាក្សីជាអ្នកឆែកសំបុត្ររថយន្ត ដែលជិះនៅក្នុងរថយន្តផ្នែកខាងមុខបានអោយដឹងថា៖មុនពេលកើតហេតុ គាត់ឃើញម៉ូតូ២គ្រឿង បើកបរក្នុងទិសដៅច្រាស់ទិសគ្នាជាមួយរថយន្ត ខណៈបើកមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តក្រុងបានបើកងាកចេញពីរថយន្ត១គ្រឿងដែលឈប់ចតស្ងៀមស្របទិស ហើយម៉ូតូស្កូបពីបានវ៉ាម៉ូតូ១គ្រឿងទៀតដូចគ្នា ក៍ត្រូវរថយន្តបុកស្លាប់តែម្តង។
ដោយឡែកអ្នកបើកម៉ូតូមួយគ្រឿងទៀត ត្រូវជាបងប្អូនដែលបានធ្វើដំណើរតាមពីក្រោយម៉ូតូរងគ្រោះបានប្រាប់ថា៖ ពួកគាត់នាំគ្នាជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់ បំណងមកគេងនៅក្រុងកំពង់ឆ្នាំង ព្រោះព្រឹកឡើងត្រូវចូលធ្វើការ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តក្រុង លី ហុង ១គ្រឿងបើកក្នុងល្បឿនលឿន បានងាកចង្កូតគេចពីរថយន្តខូចចតនៅអែបផ្លូវ និងបានបុកអូសម៉ូតូស្កុបពី របស់យុវជនរងគ្រោះទំហឹងតែម្តង។
សពយុវជនរងគ្រោះទាំង២នាក់ ត្រូវបានឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដឹកតាមគោយន្ត យកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណើតទាំងយប់។ដោយឡែកម៉ូតូ និងរថយន្តក្រុង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ ធ្វើកំណត់ហេតុបញ្ជូនយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ចំណែកអ្នកបើកបរ និងព្រូរថយន្តក្រុង ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង នៅសល់តែអ្នកឆែកសំបុត្ររថយន្តប៉ុណ្ណោះ ដោយឡែកអ្នកដំណើរចំនួន៤៥នាក់ ត្រូវបានក្រុមហ៊ុនយករថយន្តក្រុងមួយគ្រឿងទៀតពីក្រុងភ្នំពេញ មកសាងដឹកឆ្ពោះទៅគោលដៅក្រុងប៉ោយប៉ែតទាំងយប់៕



































