ខេត្តតាកែវ៖ មនុស្សប្រុស ស្រី ០២នាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរថយន្ត និងម៉ូតូចំនួន ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ១៧ : ២៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ នៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧២-៧៣ ស្ថិតក្នុងភូមិ ខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-9185 បើកមកពីទិសខាងត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ គ្មានស្លាកលេខ រួចរថយន្តរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកស៊ូស៊ូគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1A-5304 ។ ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តសាំយ៉ុងមានឈ្មោះ បាន យ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិត្រពាំងសិលា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត គ្មានរបួស ។ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដា សេ១២៥ មានឈ្មោះ ប៉ុន រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើតហេតុ និង ឌុបប្រពន្ធពីក្រោយឈ្មោះ ជា អ៊ុក អាយុ ៣៣ឆ្នាំ មុខរបរធ្វើស្រែ ស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯអ្នកបើកបរម៉ូតូម៉ាកស៊ូស៊ូគីស្មាស មានឈ្មោះ អ៊ុក អូន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអង្គគគីរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ទាក់ទងនឹងករណីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំង ជំនាញស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះធ្វើការវាស់វែង និងធ្វើកំណត់ ហេតុដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ព្រមទាំងឃាត់ ខ្លួនអ្នកបើកបររថយន្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពពីរនាក់ប្តីប្រពន្ធ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណ៕




































