ព្រះវិហារៈ ទីតាំងបូមរ៉ែមាសរាប់រយកន្លែងក្បែរផ្លូវជាតិលេខ ៦២ ដែលលាតសន្ធឹងពីភ្នំដែក ទៅខេត្តព្រះវិហារ ត្រង់ចំនុច ភូមិចាស់ស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវាង ខេត្តព្រះវិហារ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងប្រជាជន ក្នុងស្រុក រួមទាំងជនជាតិចិនបាននាំគ្នាកាយគាស់ ក្រហេងក្រហោងផ្ទៃដីក្បែរផ្លូវជាតិ បូមយ៉ាងអានាធិបតេយ្យ ដោយគ្មានការអើពើ ពីសំណាក់ប្រធានមន្ទីររ៉ែថាមពល និងលោក ឯ សារ៉ូ អភិបាលស្រុករវាង ដែលត្រូវបានគេសង្ស័យ ថាប្រហែលជាបានទទួលលាភស្ការៈហើយ បានជាគ្មានការទប់ស្កាត់ ទើបបណ្តែតបណ្តោយឲ្យមានមានការបូមដោយ ពុំមានការខ្វាយខ្វល់។
យោងតាមប្រជាពលរដ្ឋដែលមាន ប្រកបមុខរបរបូមរ៉ែមាស បានឲ្យដឹងថា ពួកគាត់មកពីស្រុកសណ្តាន់ និងខេត្តក្រចេះ រួមទាំងប្រជាពលរដ្ឋក្នុងស្រុករវាង បានជួលដីពីម្ចាស់ដីដើម្បីបូមយករ៉ែមាស ក្នុងមួយថ្ងៃ២ម៉ឺនរៀល ហើយបានបង់ជូន បរិស្ថាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ឋមួយចំនួនទៀត ទើបពួកគាត់អាចធ្វើអជីវកម្មបូមរ៉ែមាសបានរហូតមកដល់រាល់ ថ្ងៃនេះ ពួកគាត់បានបន្តថា រកមូយថ្ងៃបាន មួយហ៊ុន ទៅ២ហ៊ុន គិតជាទឹកប្រាក់១០ម៉ឺនរៀល កាត់ថ្លៃបង់ពន្ឋក្រៅផ្លូវ ច្បាប់គឺនៅសល់តិចតួចណាស់ តែដោយសារពួកគាត់គ្មានមុខរបរ ទើបនាំប្រពន្ឋកូនមកបូមរ៉ែមាសជាមុខរបរ ។
ពាក់ព័ន្ឋទៅនឹងការបូមខ្សាច់ដោយអាណាធិបតេយ្យនេះ ត្រូវបានប្រភពព័ត៌មានខ្សឹមប្រាប់ថា បានបង់ជូនលោក អភិបាលស្រុក និងប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ទើបអ្នកសារព័ត៌មាន បានព្យាយាមខលទំនាក់ទំនងសុំការបំភ្លឺពីលោក ឯ សារ៉ូ អភិបាលស្រុករវាង ដែលមានព័ត៌មានលេចលឺថា ជាអ្នកអនុញ្ញាតិ លោកបានបញ្ជាក់ថា លោកបានចុះហាមឃាត់ដោយចាត់ឲ្យអភិបាលរងស្រុក សហការជាមួយសមត្ថកិច្ចជំនាញ ទប់ស្កាត់មិនឲ្យបូមរ៉ែដោយគ្មាន ច្បាប់អនុញ្ញាតិ ចំណែកក្រុមហ៊ុនចិនដែលបាន ដឹកសម្ភារៈមកបូមរ៉ែនេះ គឺជាក្រុមហ៊ុន CWS គេមានអាជ្ញាប័ណ្ណស្រាវជ្រាវ។
លោក គង់ មករា ប្រធានមន្ទីររ៉ែថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា លោក បានសហការជាមួយអាជ្ញាធរស្រុក ចុះហាមឃាត់ ចំនួន២ដងមកហើយ ហើយបានណែនាំឲ្យគាត់ធ្វើអាជ្ញាប័ណ្ណជាលក្ខណៈគ្រួសារ តែក្រោយមកពីភ្ជុំបិណ្ឌ រួចលោកនឹងដឹកនាំកម្លាំងចុះត្រួតពិនិត្យជាថ្មី បើគ្រួសារណាមិនបានធ្វើអាជ្ញាប័ណ្ណនិងត្រូវបានដកហូតគ្រឿងចក្រ យក មករក្សាទុក ហើយពាក់ព័ន្ឋទៅនឹងការចោទប្រកាន់គឺលោកពុំដែលបានទទួលនោះទេ ។
សូមបញ្ជាក់ផងដែរថា សកម្មភាពការបូមរ៉ែមាស បានធ្វើសកម្មភាពបួមយ៉ាងអានាធិបតេយ្យ ក្នុងនោះគឺសុទ្ធតែពុំមាន ច្បាប់អនុញ្ញាតិ មានតែការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុក បើកភ្លើងខៀវឲ្យមានការបូមរ៉ែយ៉ាងអានាធិបតេយ្យ ក្នុងនោះប្រជាពលរដ្ឋ បានសំណូមពរឲ្យអភិបាលខេត្តព្រះវិហារ ពិនិត្យក្រុមហ៊ុនចិនមួយដែលបាន ធ្វើសកម្មភាពបូមរ៉ែ ជ្រកក្រោម អាជ្ញាស្រាវជ្រាវគ្រប់ទិសទី នៅតំបន់មានរ៉ែ។