ក្រុមហ៊ុនផលិតទូកបាឡាជ័រ ឬស្មាច់ HCM ផ្គើននិងអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដោយនៅតែបន្តសកម្មភាព ផលិតទូកបាឡាជ័រ ឬស្មាច់ បង្ហូរកាកសំណល់ ចូលទៅក្នុងទឹកទន្លេសាប តាំងពីក្រោយរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងខែមករា ឆ្នាំ២០១៤ រហូតមកពេលដល់បច្ចុប្បន្ននេះ ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំឆ្នុកទ្រូ បានអះអាងថា ទីតាំងផលិតទីតាំងផលិតទូកបាឡាជ័រ ឬស្មាច់របស់ជនជាតិវៀតណាម មានម្ចាស់ឈ្មោះ ទៀក ធីហៀង ភេទស្រី បច្ចុប្បន្ន ស្ថិតនៅចំណុចអន្លង់ជំរៅ ជាចំណុចបំពង់ក ដែលហៅថាតំបន់ក-ដប ស្ថិតក្នុងភូមិសាស្ត្រ ភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មន្ត្រីជំនាញរដ្ឋបាលជលផល ខេត្តកំពង់ធំ ដែលថ្លែងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានអះអាងថាចំណុចខាងលើគឺជាច្រកតែមួយគត់ ដែលត្រីធ្វើចរាចរណ៍ពីបឹងទន្លេសាប ទៅទន្លេមេគង្គ និងពីទន្លេមេគង្គចូលមកបឹងទន្លេសាបវិញ ហើយរដូវកាលនេះ គឺជារដូវភ្លៀងធ្លាក់ដើមឆ្នាំហើយរដូវវស្សា និងខិតមកដល់នាពេលខាងមុខ សម្រាប់មច្ឆាជាតិ ធ្វើចរាចរណ៍ទៅមក រកកន្លែងពងកូន ហើយអាចប៉ះពាល់ ដល់ការរស់នៅរបស់មច្ឆាជាតិ និងមានការបាត់បង់ និងថយចុះយ៉ាងខ្លាំង ខណៈមានទីតាំងផលិតទូកបាឡាជ័រ របស់ជនជាតិវៀតណាម នៅបណ្តែតលើផ្ទៃទឹកទន្លេសាប ត្រង់ចំណុច ព្រែកជំរៅ ជាចំណុចបំពង់ក ។
ប្រភពបានអះអាងបន្តថា មូលហេតុត្រីនៅក្នុងតំបន់អភិរក្ស មានការថយចុះ គឺដោយសារត្រីបានចាកចេញយ៉ាងគង្ហុក ពីព្រោះត្រីមិនអាចស៊ូទ្រាំ និងកាកសំណល់សារធាតុគីមី ដែលបង្ហូរធ្លាក់នៅលើចរន្តទឹកហូរ ចូលមកតំបន់ឡូតិ៍អភិរក្សនេះ កុំថាឡើយមច្ឆាជាតិ សូម្បីតែមនុស្សងួតទឹក ឬលាងដៃជើង នៅខាងក្រោម ចរន្តទឹកហូរ គឺត្រូវសារធាតុកាវ រោលហើមខ្លួន និងកើតរមាស់មិនខានឡើយ ។
សេចក្តីរាយការណ៍ បានអះអាងបន្តថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលជលផល ឯកឧត្តមបណ្ឌិត ណៅ ធួក ក៍បានដឹងអំពីករណីខាងលើនេះផងដែរ ហើយឯកឧត្តម ក៍ធ្លាប់បានដាក់កម្លាំងមន្ត្រីរបស់ឯកឧត្តម ចុះមកត្រួតពិនិត្យ និងណែនាំអោយម្ចាស់ទីតាំងផលិតទូកបាឡានេះប្តូរទៅផលិតទីគោក និងរៀបចំអោយតាមបែបបទបច្ចេកទេសត្រឹមត្រូវ ប៉ុន្តែទោះបែបនេះក៍ដោយ ម្ចាស់ទីតាំងផលិតទូកបាឡាខាងលើ មិនបានគោរពតាមការណែនាំ របស់សមត្ថកិច្ចជំនាញឡើយ ដោយគ្រាន់តែប្តូរទីកន្លែងចល័ត ពីខាងមុខព្រែកខ្សាច់ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទៅដាក់នៅចំណុចព្រែកជំរៅ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តែប៉ុណ្ណោះ ។
សូមរម្លឹកថា ៖ ទីតាំងផលិតទូកបាឡាជ័រ របស់ជនជាតិវៀតណាម មួយកន្លែងនេះ ដើមឡើយស្ថិតនៅបណ្តែតលើផ្ទៃទឹកទន្លេ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារតែមិនបានគោរពតាមការណែនាំ និងកិច្ចសន្យា យកទីតាំងផលិតនៅលើដីគោក និងធានាបាននូវផលប៉ះពាល់នោះ ទីតាំងផលិតទូកបាឡាមួយនេះ បានផ្គើនកិច្ចសន្យារបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ម្តងហើយម្តងទៀត ក៍អូសទីតាំងយកទៅធ្វើសកម្មភាព ផលិតទូកបាឡាជ័របន្តអាជីពរបស់ខ្លួន នៅលើផ្ទៃទឹកទន្លេ ក្នុងភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានតែ៤ទៅ៥ថ្ងៃប៉ុណ្ណោះ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ធ្វើការបណ្តេញមិនអោយដាក់ទីតាំងនៅក្បែរភូមិរបស់ពួកគាត់ ហើយម្ចាស់ទីតាំងផលិតទូកបាឡានេះ ក៍បានអូសទីតាំង ទៅឈរជើងនៅបណ្តែតលើផ្ទៃទឹក ចំណុចកណ្តាល ហៅតំបន់ក-ដប ដែលជាកន្លែងប្រសពគ្នា ត្រីធ្វើចរាចរណ៍ចេញចូល រវាងបឹងទន្លេសាប និងទន្លេមេគង្គ ។
ប្រភពពត៌មានចុងក្រោយ ដែលទទួលបាន នៅរសៀលថ្ងៃទី០៤ ខែឧសភា កន្លែងផលិតទូកបាឡាជ័រខាងលើ ម្ចាស់បានចំណាយប្រាក់មួយចំនួនធំ សម្រាប់អោយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដូចជា មន្ត្រីបរិស្ថាន មន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងការបិទបាំងពត៌មានខាងលើ ហើយមន្ត្រីទាំងនោះ តែងតែរាយការណ៍ពង្វាង ទៅថ្នាក់លើ ដើម្បីទទួលបានលាភសក្ការៈ ពីម្ចាស់ផលិតទូកបាឡានេះ ៕