សកម្មភាពបូមពង្រីងទឹកបឹង ដើម្បីឆក់ឆាប់ត្រី នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ ឆ្នាំង ត្រូវបានគេរាយការណ៍ថា ចាប់ផ្តើមកើតមានតាំងពីដើមខែមេសា ឆ្នាំ២០១៤ មុនពេល បុណ្យ ចូល ឆ្នាំប្រពៃណីខ្មែរ រហូតមកដល់សព្វថ្ងៃ មិនមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធ ចុះ
ទៅបង្ក្រាបឬទប់ស្កាត់ឡើយ ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានអោយដឹងថា ក្រុមជនល្មើស ដែលមានមេក្លោងឈ្មោះ យឿ សឿង ជាប្រធានសហគមន៍នេសាទ បានដឹកនាំយកម៉ាស៊ីនបូមទឹកបឹងពង្រីង និងឆក់ចាប់ត្រីយ៉ាងសកម្ម ។ បឹងនានាជាច្រើន នៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ត្រូវបានក្រុមឈ្មោះ យឿ សឿង ដែលមានគ្នីគ្នាពី៧ទៅ៨នាក់ បានធ្វើការបូមបឹងពង្រីង ស្ទើរតែគ្មានសល់ ដែលជាកត្តាប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការនាំទឹកសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ ហើយម្យ៉ាងវិញទៀត ការបូមបឹងពង្រីង ពួកគេគ្រាន់តែចាប់យកត្រីធំៗ រីឯកូនត្រីតូចៗគ្រប់ប្រភេទ នឹងងាប់ស្អុយពេញផ្ទៃបឹងតែម្តង ។ សកម្មភាពខាងលើនេះ បានធើ្វឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ច្បាប់ជលផល ។ ករណីនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា ទាំងសហគមន៍ ទាំងជំនាញរដ្ឋបាលជលផល បានត្រូវរ៉ូវគ្នា បង្កើតអោយមានបទល្មើស ខាងលើថ្នូរនិងការទទួលយកផលប្រយោជន៍ និងលាភសក្ការៈ ដាក់ហោប៉ៅតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៍ខាងលើ ត្រូវបានមន្ត្រីជលផលខេត្តកំពង់ឆ្នាំង បានបដិសេធថា គ្មានសកម្មភាពដូចសេចក្តីរាយការណ៍នេះឡើយ ៕