ខេត្តសៀមរាប ត្រីឆ្តោរចំនួន០៣ស្រះប្រមាណ២ម៉ឺនក្បាល ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ត្រូវបានកម្លាំងចម្រុះខេត្ត ចុះធ្វើការកំទេច កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ដោយមានកម្លាំងកងរាជអាវុធ ហត្ថខេត្ត ដឹកនាំដោយលោកវរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានមន្ទីរសន្តិសុខ និង ព្រហ្មទ័ណ្ឌ លោក ព្រឹន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត និងថា្នក់ដឹកនាំមន្ទីរបរិស្ថាន ខេត្ត រួមនឹងមន្ត្រីជំនាញជលផល និងបរិស្ថានផងដែរ ។
ដើម្បីធ្វើការទប់ស្កាត់នូវរាល់បទល្មើសនេសាទ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឲ្យធានាបាននូវការ ការពារថែរក្សា អភិរក្សពូជមច្ឆាជាតិ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង និងនេសាទ បានចេញនូវសេចក្តីណែនាំ ដល់គ្រប់បណ្តាខេត្ត ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការលុបបំបាត់និង បញ្ឈប់ការចិញ្ចឹមកូនត្រីឆ្តោរ ដែលជា ប្រភេទត្រី ស៊ីត្រីជាចំណី ព្រមទាំងឲ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានមុខរបរចិញ្ចឹមត្រី មកធ្វើការចីញ្ចឹមត្រី ណាដែលមិនស៊ីសាច់ជាចំណី ក្នុងការបង្កើននូវជីវភាពសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ក៏ដូចសង្គមជាតិ ។
ដោយយោងតាមសេចក្តីណែនាំ និង បទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឲ្យគ្រប់ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបាន ក្នុងការបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ចាប់ពីពេលនេះតទៅ ។
ក្នុងការចុះប្រតិបត្តិការនេះ នៅពេលដែលក្រុមជំនាញចុះធ្វើការកៀរប្រមូលត្រីក្នុងស្រះនោះ ក៏មានម្ចាស់ ចិញ្ចឹមត្រី ចូលរួមក្នុងការកៀប្រមូលត្រី ពេលនោះម្ចាស់រូបនេះបានធ្វើការចាប់ហែកសាច់អ៊ូន ដែលកម្លាំងយើង កំពុងធ្វើការអូសប្រមូលយកត្រី ដើម្បីយកមកកំទេច ដោយត្រីទាំងនេះពុំអាចយកទៅប្រលែងក្នុងបឹងធម្ម ជាតិបានឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ពូជត្រីធម្មជាតិ ពីព្រោះពូជត្រីឆ្តោរចិញ្ចឹមនេះកាចសាហាវណាស់ វានឹង ស៊ីត្រីនៅក្នុងបឹងធម្មជាតិអស់ បង្កឲ្យមានការឆ្លងរោគដល់ត្រីឯទៀតនេះ ដោយយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលជលផល ។ តាមការបញ្ជាក់មន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ការបង្ក្រាបបទល្មើសក្នុងការចិញ្ចឹមត្រី ឆ្តោរនេះ គឺមិនត្រឹមតែធ្វើនៅដែនគោកប៉ុណ្ណោះទេ នឹងបន្តធ្វើនៅតាមដែនទឹក ក្នុងបឹងទន្លេសាប នៃភូមិសាស្ត្រ ខេត្តសៀមរាបឲ្យដូចភ្លៀងរលឹម ដោយសហការជាមួយកម្លាំងសមត្ថកិច្ច និង មន្ទីរពាក់ព័ន្ធផងដែរ ។
ក្នុងនោះដែរត្រូវបានកម្លាំងសមត្ថកិច្ច និង ជំនាញ បានហៅមកធ្វើការណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ព្រមទាំងធ្វើការផាកពិន័យ ដែលមានម្ចាស់ឈ្មោះ យី សាន ភេទប្រុស ជាជនជាតិវៀតណាម រស់នៅក្នុងភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ៕ ដោយគឿនវ៉េត



































