ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួនក្រហម និងក្រឡាញឹកខុសច្បាប់ចំនួន២៨កន្លែង មានប្រវែង២.៣៨០ម៉ែត្រ និងឧបករណ៍នេសាទមួយចំនួនទៀត នៅក្នុងស្រុកបរិបូណ៌ និងស្រុកជលគីរី ត្រូវបានលោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាប និងរុះរើចោល នៅព្រឹកថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០១៥។
លោក សោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖
ដោយទទួលបានព័ត៌មានច្បាស់ពីប្រជាពលរដ្ឋអំពីបទល្មើសនេសាទ នៅព្រឹកថ្ងៃទី២០ និង២១
ខែតុលា ឆ្នាំ២០១៥ លោកបានដឹកនាំសមត្ថកិច្ចជលផលក្នុងសង្កាត់នេសាទ សហការគ្នាមួយសមត្ថកិច្ច និងអាជ្ញាធរក្នុងមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងចំណុចក្រោយវត្តកៀនតាម៉ា ឃុំកំពង់អូស ស្រុកជលគីរី ដោយប្រើប្រាស់កម្លាំងសរុបចំនួន២៥នាក់ និងកាណូតបាឡាស្មាច់ចំនួន៦គ្រឿង។
លទ្ធផលបង្ក្រាប បានរុះរើចោល របាំងសាច់អួនក្រហម និងសាច់អួនក្រឡាញឹកខុស
ច្បាប់ចំនួន២៨របាំង មានប្រវែង២.៣៨០ម៉ែត្រ លបលូសាច់អួន៣៦គ្រឿង លបប្រឹស១០០បែបថ្មី ចំនួន៦ខ្សែ បង្គោលរបាំង៩០០ដើម និងចាក់លែងត្រីគ្រប់ប្រភេទចំនួន៦០គីឡូក្រាម។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ បទល្មើសនេសាទនៅក្នុងរដូវបើកនេសាទ
ឆ្នាំ២០១៥នេះ មានការថយចុះជាងឆ្នាំមុន ដោយសារទឹកទន្លេឡើងទាប ទន្ទឹមនោះដោយសារការយកចិត្តទុកផ្សព្វផ្សាយច្បាប់ជលផលដល់ប្រជាពលរដ្ឋ បានយល់ដឹងច្រើន គ្រប់មូលដ្ឋាន របស់សមត្ថកិច្ចរដ្ឋបាលជលផល គ្រប់ជាន់ថ្នាក់កន្លងមក។
លោកនាយខណ្ឌ័រដ្ឋបាលជលផល ក៏បានសំណូមពរផងដែលដល់ប្រជានេសាទទាំងអស់គ្រប់មូលដ្ឋាន សូមចូលរួមគោរច្បាប់ដោយប្រើប្រាស់ឧបករណ៍នេសាទអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ទើបមិនខាតបង់ថវិការក្នុងគ្រួសារ និងមិនប្រឈមពីការបង្ក្រាបរបស់សមត្ថកិច្ចចំរុះ។ លោកបានបញ្ជាក់ថា៖ នៅក្នុងរដូវបើកនេសាទនេះ ការដាក់របាំងសាច់អួនចាប់ត្រី ក្នុងច្បាប់កំណត់អោយដាក់ក្នុង១របាំងៗមានប្រវែងតែ៥០ម៉ែត្រប៉ុណ្ណោះ និងត្រូវមានក្រឡាសាច់អួនចាប់ពី៤ហ៊ុនឡើងទៅ ចំណែកលបលូសាច់អួនជាឧបករណ៍នេសាទទំនើបបែបថ្មី ច្បាប់មិនអនុញ្ញាតអោយដាក់ឡើយ ហើយប្រឈមការចាប់ផ្តន្ទាទោសដាក់ពន្ធនាគារ ពី៣ឆ្នាំ ទៅ៥ឆ្នាំ ទៀតផង៕





































