គោយន្តឡើងផ្លូវជាតិវិលបត់ក្បាលបុករថយន្តរបួសសងខាង៧នាក់

0

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងគោយន្តកន្ត្រៃបើកឡើងផ្លូវជាតិលេខ៦ ត្រង់ចំនុចផ្លូវចូលអន្លង់សា ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានវិលបត់ក្បាលមកវិញបុកនិងរថយន្តមួយគ្រឿងបណ្តាលអោយរបួសស្រាល៧នាក់កាលពីរសៀលថ្ងៃទី២១ តុលា ២០១៥ ។unnamed (1)
លោក ក្លឹង វិចិត្រ នាយរងនគរបាលសណ្តាប់ធ្នាប់ស្រុកព្រះនេត្រព្រះ បានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារគោយន្តកន្ត្រៃមួយគ្រឿងមានអ្នករួមដំណើរជាមួយតៃកុងចំនួន៣នាក់បានបើកចេញពីផ្លូវលំផ្នែកខាងត្បូងនៃផ្លូវជាតិលេខ៦សំដៅឆ្លងផ្លូវជាតិ បានប្រមាណជា២០ម៉ែត្រទៅផ្នែកខាងលិចក៏ត្រឡប់ក្បាលទៅខាងកើតវិញខោកបុកនិងរថយន្តកាំមារីចង្កូតស្តាំពណ៌ទឹកប៉ិចសេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 2551 បើកបរពីលិចទៅកើតចំផ្នែកខាងមុខនៃរថយន្តធ្វើអោយអ្នកធ្វើដំណើរក្នុងរថយន្តជាស្រ្តីមានផ្ទៃពោះ និងក្មេងរងរបួសស្រាល ចំណែកខាងគោយន្តដាច់កង់ខាងស្តាំ ហើយរបួសអ្នករួមដំណើរ៣នាក់ ។
ប៉ូលីសបានអោយដឹងទៀតថា តៃកុងបើកគោយន្តគឺជាតៃកុងដែលទើបចេះបើក ដែលម្ចាស់គោយន្តជួលទៅបើកដឹកថ្ម ។តាមការសន្និដ្ឋានរបស់ប៉ូលីសគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីខាងគោយន្តដែលតៃកុងមិនអាចគ្រប់គ្រងគោយន្តបាន ។បច្ចុប្បន្ន ទាំងគោយន្តបង្ករ និងរថយន្ត ត្រូវបានស្ទូចយករក្សាទុកនៅ អធិការស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕unnamed unnamed (2)