ខេត្តកំពង់ឆ្នាំង៖អាជ្ញាធរឃុំកោះថ្កូវ និងប្រជាកសិករ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥បានអោយដឹងថា នៅក្នុងឆ្នាំនេះដីស្រែប្រាំងនៅតំបន់ដីក្រហម ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន២៥០០ហិកតា កំពុងប្រឈមនឹងការអត់ទឹកធ្វើស្រែប្រាំង ដោយសារតែទឹកទន្លេឡើងតិច ពុំមានទឹកហូរចូលក្នុងអាងស្តុបដូចរាល់ឆ្នាំ។
លោក ចិន ផាន់ណា មេឃុំកោះថ្កូវ បាននិយាយអោយដឹងថា៖នៅក្នុងឃុំកោះថ្កូវ មានចំណុះ១០ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន២០១៨គ្រួសារ ស្មើនឹង១០.៤២៧នាក់។ប្រជាពលរដ្ឋក្នុងឃុំប្រមាណ៩៨% ជាអ្នកប្រកបមុខរបរធ្វើស្រែប្រាំង។ ដោយឡែកមុខរបររួមផ្សំ គឺការត្បាញកន្ទេលកក់ ធ្វើចំការ និងនេសាទត្រីជាលក្ខណៈគ្រួសារ។
ជារៀងរាល់ឆ្នាំ នៅក្នុងរដូវទឹកសំរកនេះ គឺប្រជាកសិករនៅក្នុងឃុំបាននាំគ្នាចាប់ផ្តើមធ្វើស្រែប្រាំងជាបណ្តើរៗហើយ តែឆ្នាំនេះបងប្អូនប្រជាពលរដ្ឋប្រមាណជា៥០ទៅ៦០% ត្រូវបានចំណាកស្រុកដោយសារតែឆ្នាំនេះ ទឹកទន្លេឡើងមិនដល់កំរិត និងមិនអាចហូរចូលទៅក្នុងអាងស្តុកទឹកចំនួន១៤អាង ដែលប្រជាកសិករក្នុងឃុំតែងយកទឹកពីអាងទាំងនោះមកប្រើប្រាស់។ ដូច្នេះទើបពួកគាត់បានធ្វើចំណាកស្រុកទៅរកការងារធ្វើដូចជា៖កម្មករជាងសំណង់នៅក្រុងភ្នំពេញ កម្មករដកដាំដំឡូងនៅខេត្តពោធិសាត់ កម្មករនៅខេត្តមណ្ឌលគិរី ខេត្តរតនៈគីរី និងមានប្រជាពលរដ្ឋតិចតួចបំផុតដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
លោកមេឃុំកោះថ្កូវបានបន្តថា៖ ដោយសារតែទឹកទន្លេឆ្នាំនេះឡើងមិនដល់កំរិតហូរចូលអាងស្តុកទឹកទុក លោកបានធ្វើរបាយការណ៍ ព្រមទាំងការស្នើសុំម៉ាស៊ីនធុនធំរបស់មន្ទីរធនធានទឹក តាមរយៈលោកអភិបាលស្រុក ដើម្បីបូមទឹកទន្លេបញ្ចូលអាងស្តុកទឹកទាំង១៤ សំរាប់ប្រជាពលរដ្ឋក្នុងឃុំលោកបានធ្វើស្រែប្រាំងវិញ ហើយលោកក៍សំណូមពរផងដែរដល់មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ជួយដោះស្រាយសំណូមពរគាត់អោយទាន់ពេលវេលាផង។
នៅរសៀសថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹកខេត្ត បានដឹងហើយនូវការខ្វះខាតទឹកធ្វើស្រែប្រាំងរបស់ឃុំកោះថ្កូវ។ប៉ុន្មានថ្ងៃមុននេះ មន្ទីរទាំង២បានប្រជុំពិភាក្សា និងបានត្រៀមលក្ខណៈរួចជាស្រេច នូវការជួយបូមទឹកបញ្ចូលអាង តែរង់ចាំការសំរេចពីថ្នាក់ក្រសួងសិនថាតើត្រូវធ្វើបែបណា។ដោយឡែក ខាងមន្ទីរធនធានទឹកបានដឹកម៉ាស៊ីនបូមទឹកទៅដាក់នៅក្នុងឃុំកោះថ្កូវរួចរាល់ហើយដែរ។
លោកបានបញ្ចាក់ទៀតថា៖ លោកមានការព្រួយបារម្ភខ្លាំងចំពោះការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ ព្រោះថាឆ្នាំនេះទឹកទន្លេឡើងតិចនាំអោយកើតមានសត្វកណ្តុរច្រើន ដែលអាចបំផ្លាញផលស្រូវ និងផលដំណាំរបស់ប្រជាកសិករបាន ព្រោះថាឃុំកោះថ្កូវគឺជាឃុំមួយដែលមានផ្ទៃដីស្រែប្រាំងធំជាងគេទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង៕




































