ប៉ោយប៉ែត ៖ បុរសម្នាក់បានបើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តនៅខាងមុខបណ្ដាលឲ្យរបួសបែកមាត់ និងបាក់ភ្លៅ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ជិតវិហារឥស្លាមក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ប្រជាពលរដ្ឋនៅចំនុចកើតហេតុនិយាយឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើកម៉ូតូម៉ាកវ៉េវក្នុងទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៥ លុះមកដល់ជិតវិហារឥស្លាម ក៏បានជ្រុលទៅបុករថយន្តម៉ាកូរ៉ូឡាមួយគ្រឿង ដែលបើកពីមុខ(បត់ឆ្វេង)បណ្ដាលឲ្យជនរងគ្រោះរបួសបែកមាត់ បាក់ភ្លៅខាងស្ដាំ។
ជនរងគ្រោះជាអ្នកបើកម៉ូតូឈ្មោះសីុង ណាន ភេទប្រុសអាយុ ១៩ឆ្នាំទីលំនៅសង្កាក់ក្រុងប៉ោយប៉ែត ចំណែកតៃកុងរថយន្តឈ្មោះ ពេជ សារុន មានទីលំនៅភូមិ អូរជ្រៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត
ក្រោយកើតហេតុសមត្ថកិច្ចប៉ូលិសសង្កាត់និមិត្តបានយកម៉ូតូដែលខូចធ្ងន់ធ្នែកខាងមុខនិងរថយន្តខូចត្រង់ទ្វារក្រោយខាងឆ្វេងយកទៅរក្សាទុក។ ចំណែកជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពសង្កាត់និមិត្តយកទៅសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែជនរងគ្រោះបើកម៉ូតូក្នុងល្បឿន ហើយវ៉ាក់ជាមួយរថយន្តនៅខាងមុខ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកបណ្ដាលឲ្យរងរបួសបែបនេះតែម្ដង។




































