ខេត្តកំពង់ឆ្នាំង៖ « មនុស្សចាស់មានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការកសាងគ្រួសារ សហគមន៏ ការអប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍន៏ ភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង ប្រឡាយទឹក ការដាំឈើ និងការផ្សះផ្សារវិវាទក្នុងគ្រួសារជាជាដើម » ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ ក្នុងពិធី ប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ និងទិវាអន្តរជាតិស្តីពីគ្រួសារថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងសាលប្រជុំសាលានយោបាយខេត្ត នាព្រឹកថ្ងៃទី២៦ ខែ តុ លា ឆ្នាំ២០១៥ ដោយមានមនុស្សចាស់ជានិវត្តជន និងមនុស្សចាស់ក្រីក្រចូលរួមសរុបចំនួន២៨៩នាក់។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងបន្តថា៖ ថ្វីបើការប្រារព្ឋពីធីនេះ ខេត្តកំពង់ឆ្នាំងមានការធ្វើយឺតយ៉ាវក្នុងការពិធីខាងលើនេះបន្តិចពិតមែន ប៉ុន្តែក៏យើងបានធ្វើដែរ ដោយមានការរៀបចំរបស់មន្ទីរសង្គមកិច្ចខេត្ត ក្រោមប្រធានបទ សមាគមមនុស្សចាស់បង្កើនសាមគ្គីភាព ដើម្បីអភិវឌ្ឍន៍សហគមន៍ និងគ្រួសារ និងគ្មានអំពើហឹង្សាក្នុងគ្រួសារ គ្រួសារមានសុភមង្គល សង្គមរីកចំរើន ។
ឯកឧត្តមបានបញ្ជាក់ថា៖ គ្រួសារគឺជាកោសិកាមួយរបស់សង្គម ដែលមានជីដូន ជីតា មាតា បិតា អាណាព្យាបាល កូនចៅ ដែលពួកគាត់បានខិតខំចិញ្ចឹមបីបាច់ អប់រំកូនចៅ ដើម្បីអោយក្លាយជាពលរដ្ឋល្អ ដោយរក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ រួមចំណែកក្នុងការអភិវឌ្ឍន៏សង្គមជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងបានបន្សល់នូវស្នាដៃ និងបទពិសោធន៏ល្អៗជាច្រើន សម្រាប់មនុស្សជាតិជំនាន់ក្រោយរៀនសូត្រ និងអនុវត្តន៏តាម។ ទាំងអស់នេះបានបង្ហាញថា មនុស្សចាស់ គឺជាប្រភពធនធានដ៏មានសារៈប្រយោជន៏សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៏ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋភិបាលកម្ពុជា ។
ការប្រារព្វទិវាទាំង២ខាងលើ នេះគឺ ជាការរួមចំណែក ផ្សព្វផ្សាយលើកកំពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ និងអំពីតូនាទីដ៏មានសារៈសំខាន់ នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅកូនចៅ អោយក្លាយជាពលរដ្ឋល្អ កូនចៅល្អ និងធន ធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេ
សជាតិអោយមានភាពរីកចំរើនលើគ្រប់វិស័យ ។
ក្នុងពិធីនេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានអានសារាចរណ៏នែនាំ របស់សាម៉ីក្រសួង ស្តីពីការប្រារព្វទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា ឆ្នាំ២០១៥ លេខ០២ ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ និង សារាចរណ៍ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ លេខ ០៧ សរ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រយះពេលកន្លងមកប្រទេ
សកម្ពុជាយើងបានបង្កើតច្បាប់ និងបញ្ញាត្តិជាច្រើនផ្តោតលើសុខមាលភាពគ្រួសារ ដូចជា៖ ក្រមរដ្ឋប្ប វេណី ច្បាប់ពន្លូតកូន ច្បាប់ស្មុំកូន ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ គោលនយោបាយស្តីពីកាតពន្យាកំណើត ច្បាប់ប្រឆាំងការជួញដូរមនុស្ស …..។ល។
នៅក្នុកម្មវិធីនេះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានចែកអំណោយលើកទឹកចិត្ត ដល់មនុស្សចាស់ទាំងអស់ជាសមាជិ ក្នុងអង្គពិធី ដែលបានចូលរួម ចំនួន២៩៨នាក់ ដោយក្នុងម្នាក់ៗទួលបានឃីតមួយកញ្ចប់មាន អាវយឺត១,កន្សែងពោះគោ១, សារុង១,ច្រាស់និងថ្នាំដុសធ្មេញ ១សម្រាប់ផងដែរ៕




































