ខេត្តសៀមរាប លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានផ្តល់បទសម្ភាសន៍ នាព្រឹកថ្ងៃទី២៥ ខែតុលានេះថា ៖ ក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរ ឡាវីតា សាខាខេត្តសៀមរាប នឹងត្រូវប្រឈមមុខចំពោះវិធានការច្បាប់ បើសិនជានៅតែរឹងទទឹងមិនគោរព បំពេញកាតព្វកិច្ចតាមសៀវភៅបន្ទុក មិនព្រមចូលចំណតផ្លូវការនៅក្នុងផ្សារបូរីសៀងណាំ តាមសេក្តីជូនដំណឹងរបស់រដ្ឋបាលក្រុង និងគេចវៀសមិនព្រមបង់ភាស៊ីចំណតនោះ ។
លោកអភិបាលក្រុងសៀមរាប បានឲ្យដឹងថា នៅខេត្តសៀមរាប មានក្រុមហ៊ុនដឹករថយន្តធុនធំដឹកជញ្ជូនអ្នកដំណើរចំនួន២០ក្រុមហ៊ុន ក្រុមហ៊ុនរថយន្តធុនតូចដឹកអ្នកដំណើរចំនួន៨ក្រុមហ៊ុន និងរថយន្តតាក់ស៊ីជាច្រើនគ្រឿងទៀត ។ លោកបានបន្តថា កន្លងមកនេះ អាជ្ញាធរក្រុងសៀមរាប បានទទួលការរិះគន់យ៉ាងធ្ងន់ធ្ងរ រួមទាំងសមត្ថកិច្ចសណ្តាប់ធ្នាប់ផងដែរ ។ លោកថា ការរិះគន់កែលម្អទាំងនោះពិតជាត្រឹមត្រូវ ដោយសារតែក្រុងទេសចរណ៍សៀមរាប កាន់តែអាក្រក់មើលឡើងអំពីភាពអាណាធិបតេយ្យ ដែលបង្កឡើងដោយការចតរថយន្តដឹកអ្នកដំណើរគ្មានសណ្តាប់ធ្នាប់ តាមចិញ្ចើមផ្លូវសាធារណៈនៃបណ្តាក្រុមហ៊ុនមួយចំនួន ជាពិសេសគឺរថយន្តតាក់ស៊ី ។
លោក សូរ ប្លាតុង បានលើកឡើងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការចតរថយន្តក្នុងក្រុងសៀមរាប និងដើម្បីការពារផងដែរ សិទ្ធិនិងផលប្រយោជន៍វិនិយោគិនដែលបានបណ្តាក់ទុនវិនិយោគចំណតរថយន្តក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅក្នុងផ្សារបូរីសៀងណាំ អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង លេខ ១៧០ សជណ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ស្តីអំពីការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញនិងអ្នកដំណើរ ព្រមទាំងរថយន្តតាក់ស៊ីទាំងអស់ ត្រូវចូលចតក្នុងចំណតរថយន្តខេត្តសៀមរាប ស្ថិតនៅក្នុងបូរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ដោយកំណត់ការរៀបរយ ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ជាស្ថាពរ បើហួសពីថ្ងៃកំណត់នេះ ករណីម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន និងរថយន្តតាក់ស៊ីណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចជូនដំណឹងនោះ រដ្ឋបាលក្រុងសៀមរាប នឹងចាត់វិធានការតាមផ្លូវច្បាប់ ។
មកទល់នឹងថ្ងៃផ្តល់បទសម្ភាសន៍នេះ គឺក្រោយពីការចេញសេចក្តីជូនដំណឹងប្រមាណជាង២ខែហើយ គេនៅតែឃើញមានរថយន្តតាក់ស៊ីមួយចំនួនធំ មិនទាន់ចូលចំណតផ្លូវការនោះឡើយ ហើយលោកអភិបាលក្រុងបានបកស្រាយថា ក្រុមរថយន្តតាក់ស៊ីទាំងនោះ បានចុះកិច្ចសន្យារួចហើយ ពួកគេនឹងត្រូវចូលចំណតជាស្ថាពរ នៅក្នុងសប្តាហ៍ក្រោយនេះ ។ ដោយឡែកបណ្តាក្រុមហ៊ុនដទៃទៀត បានអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងហើយ នៅសល់តែក្រុមហ៊ុន ឡាវីតា មួយគត់ដែលមិនព្រមអនុវត្ត ហើយកាលពីសប្តាហ៍មុននេះ បានបង្កការបញ្ហាលំបាកជាច្រើន ថែមទៀតផង ។ ជុំវិញដំណោះស្រាយបញ្ហាចុងក្រោយនេះ លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានបង្ហាញនៅក្នុងបទសម្ភាសន៍ថា ៖ លោកនឹងឲ្យក្រុមហ៊ុន ឡាវីតា សិក្សាម្តងទៀត អំពីខ្លឹមសារដែលបានចែងនៅក្នុងសៀវភៅបន្ទុក និង ពិនិត្យឡើងវិញខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសៀមរាប បើនៅតែមិនព្រមអនុវត្តន៍ រដ្ឋបាលក្រុងនឹងសុំគោលការណ៍ពីរដ្ឋបាលខេត្ត ដើម្បីអនុវត្តន៍តាមវិធានការច្បាប់ ៕ ដោយគឿនវ៉េត




































