ខេត្តសៀមរាប កិច្ចសហប្រតិបត្តិការបច្ចេកទេសអន្តរជាតិទ្វេភាគី រវាងអង្គភាពលូនិងស្ថានីយ៍បូមចម្រោះសម្អាតទឹកសៀមរាប នៃមន្ទីរសាធារណការនិងជញ្ជូន ជាមួយអង្គភាពរដ្ឋាករទឹកស្អាត និងទឹកសំណល់នៃក្រុង KOFU ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានដំណើការអស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយ ដោយចាប់ផ្តើមនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៣ ។ ដើម្បីបង្ហាញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ អង្គសិក្ខាសាលាមួយបានបើកដំណើរការ នៅរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ក្រោមវត្តមានរបស់លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និង មានវត្តមានផងដែរ លោក HITOSHI Yano តំណាង KC-WSB មកពីទីក្រុង KOFU និង លោក ADACHI Ithu តំណាង JICA ប្រចាំនៅភ្នំពេញ ។
បើតាមរបាយការណ៍ដែលបង្ហាញនៅក្នុងអង្គសិក្ខាសាលានោះ បានឲ្យដឹងអំពីសាវតានៃគម្រោងនេះថា ៖ ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ប្រវត្តិសាស្ត្រនិងធម្មជាតិដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវទទួលរងការលិចលង់ក្រុងជាប្រចាំនៅរដូវវស្សា ដែលបណ្តាលមកពីការខ្វះការលម្អ និង អភិវឌ្ឍន៍ប្រព័ន្ធលូបញ្ចេញទឹកភ្លៀង និងទឹកសំណល់ ។ ដូច្នេះហើយទើបមានវិធានការចាំបាច់និងបន្ទាន់ ដែលត្រូវអនុវត្ត ក្នុងនោះ គម្រោង ADB អភិវឌ្ឍន៍ទេសចរណ៍តាមដងទន្លេមេគង្គ បានសាងសង់ប្រព័ន្ធបញ្ចេញទឹកភ្លៀងនិងទឹកសំណល់ សាងសង់ស្ថានីយ៍បូមនិងច្រោះទឹកសំណល់ គ្របដណ្តប់ប៉ែកខាងលិចនិងខាងត្បូង ទំហំ ២៦៤ហិចតា នៅក្នុងឆ្នាំ២០០៩ ។ គម្រោងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD សាងសង់ប្រព័ន្ធប្រឡាយ គ្របដណ្តប់ប៉ែកខាងកើតនិងខាងត្បូង ទំហំ ៣៥៨ ហិចតា នីក្នុងឆ្នាំ ២០១១ ។ គម្រោងកម្ចីធនាគារកូរ៉េ EDCF សាងសង់បន្ថែមប្រព័ន្ធលូប្រឡាយ សាងសង់ស្ថានីយ៍២កន្លែង និងពង្រីកស្ថានីយ៍ច្រោះទឹកសំណល់ គ្របដណ្តប់ប៉ែកខាងជើងក្រុង ទំហំ ៨២០ហិចតា ក្នុងឆ្នាំ២០១៣ ។
របាយការណ៍នោះបានបន្តឲ្យដឹងថា ៖ ជាមួយនឹងការគ្រប់គ្រងបញ្ជា ប្រើប្រាស់ ថែទាំ ហេដ្ឋារចនាសម្ព័ន្ធខាងលើ អង្គភាពលូទឹក និងស្ថានីយបូមចម្រោះទឹកសំណល់ នៃមន្ទីរសាធារណការខេត្តសៀមរាប មានតម្រូវការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈនៃការបណ្តុះបណ្តាលបច្ចេកទេស ផ្លាស់ប្តូរបទពិសោធន៍ និង ចែករំលែកចំណេះដឹង ចំណេះធ្វើ ពីអង្គភាពរដ្ឋាករទឹកស្អាត និងទឹកសំណល់ KOFU ជប៉ុន តាមរយៈ JICA ដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រង ថែទាំ ប្រើប្រាស់មធ្យោបាយគ្រឿងចក្រ ឧបរណ៍ សម្ភារៈ បរិក្ខាទាំងនោះ ។
លោក តូច ចាន់កុសល មានប្រសាសន៍បិទអង្គសិក្ខាសាលានោះថា ៖ បើទោះជាយ៉ាងណា ការទទួលបានធនធានបញ្ញា ពីការបណ្តុះបណ្តាលរយៈពេល៣ឆ្នាំនេះ គឺមិនគ្រប់គ្រាន់នោះទេ ចាំបាច់ត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្ត ដកពីសោធន៍ និងស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការគាំទ្រ លើកស្ទួយខេត្តសៀមរាប លើកកម្ពស់បេក្ខភាពក្រុងសៀមរាប ជ័យលាភី ( ផ្ការំដួល៣ទង ) ជាទីក្រុងស្អាត ។ ជាមួយគ្នានោះ លោកបានសំណូមពរចំពោះ JICA និងថ្នាក់ដឹកនាំទីក្រុង KOFU ក៏ដូចជារដ្ឋាភិបាលជប៉ុន សូមបន្តជួយផ្តល់ការគាំទ្រ សហប្រតិបត្តិការបច្ចេកទេស មួយអណត្តិបន្ថែមទៀត ៕ ដោយគឿនវ៉េត



































