ខេត្តបន្ទាយមានជ័យ ៖ ថ្លែងក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧តុលា២០១៥សាលាស្រុកមង្គលបុរីដំណាងប្រជាពលរដ្ឋមកពីក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី បានលើកឡើងថា គ្មានទឹកសម្រាប់បង្ករបង្កើនផលនាំអោយពលរដ្ឋធ្វើចំណាកស្រុកធ្វើការនៅប្រទេសថៃ ហើយបញ្ហាចម្បងមួយទៀតគឺផ្លូវខូចពិបាកធ្វើដំណើរ។តំណាងប្រជាពលរដ្ឋដែលមកពីស្រុកមង្គលបុរី បានថ្លែង បញ្ជក់ថាបច្ចុប្បន្ននេះ ពួកគាត់មិនអាចបង្ករបង្កើនផលស្រូវប្រាំបាននោះទេ ដោយសារតែពួកគាត់គ្មានទឹកសម្រាប់ស្រោចស្រប់ត្រូវរំពឹងទៅលើទឹកភ្លៀងតែមួយមុខ។ នោះគឺព្រោះតែប្រឡាយទឹកមួយខ្សែ ដែលមានប្រវែងប្រមាណជាង៧គីឡូម៉ែត្រ តភ្ជាប់ពីស្ទឹងបវេល សម្រាប់ចែកចាយទឹកដល់ឃុំចំនួន៦ក្នុងស្រុកមង្គលបុរី ត្រូវរីងស្ងួននិងមិនអាចបង្ហូរទឹកមកបាន ដោយសារតែមិនមានការស្តារឡើងវិញ។ ដូច្នេះហើយទើបធ្វើឲ្យគ្រួសារប្រជាពលរដ្ឋមួយចំនួនធំ ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។ ដិយឡែកតំណាងពលរដ្ឋពីក្រុងសិរីសោភ័ណវិញនិយាយថាបញ្ហាផ្លូវជាបញ្ហាសំខាន់សម្រាប់ពួកគាត់ដូចជាផ្លូវមួយខ្សែពីទីក្រុងឆ្ពោះទៅឃំុកោះពងសត្វរួចបន្តទៅស្រុកមង្គលបូរីពិបាកធ្វើដំណើរបើមានភ្លៀងវិញមិនអាចធ្វើដំណើរបានឡើយ។ ឆ្លើយតបនិងបញ្ហាខាងលើលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងវេទិកានេះ បានថ្លែងថា លោកត្រេកអរពេលដែលបានលឺប្រជាពលរដ្ឋលើកឡើងពីបញ្ហាទឹក ដើម្បីឲ្យអាជ្ញាធរបានដឹងពីការលំបាករបស់បងប្អូន។ តែយ៉ាងណាក៏ដោយចំពោះបញ្ហាប្រឡាយទឹកនេះ លោកបានបញ្ជាក់ថា អាជ្ញាធរមិនបានព្រងើយកន្តើយឡើយ គឺខាងធនធានទឹក បានលើកគម្រោងរួចហើយតែដោយសារតែគម្រោងនោះធំ ពេលនេះ ក្រសួងកំពុងតែដាក់ស្នើថវិកា ហើយសង្ឃឹមថា មិនយូរនោះទេ ការស្តារប្រឡាយនឹងចាប់ផ្តើម ដើម្បីអាចឲ្យប្រជាពលរដ្ឋមានទឹកសម្រាប់បង្ករបង្កើនផលកសិកម្ម ដែលនឹងជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។ចំពោះបញ្ហាផ្លូវខេត្តកំពុងអនុវត្តជុសជុលនិងស្ថាបនាឡើងវិញបានជាបន្តបន្ទាប់។



































