សៀមរាបៈ បទល្មើសព្រៃឈើ បច្ចុប្បន្នសង្កេតឃើញថា បានធ្វើសកម្មភាពដឹកដោយអាណាធិបតេយ្យ ពុំមានលិខិត ច្បាប់អនុញ្ញាតិ ត្រឹមត្រូវពីសំណាក់រដ្ឋបាលព្រៃឈើនោះឡើយ ដោយឈ្មួញឈើភាគច្រើន សុំច្បាប់តាមទូរស័ព្ទគឺជា ការស្រេច ចំណែកសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ក៏ចេញច្បាប់តាមទូរស័ព្ទដោយមនោសញ្ចេតនា។
ជាក់ស្តែងនៅយប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ សមត្ថកិច្ចរដ្ឋបាលព្រៃឈើបន្ទាយស្រី បានបង្ក្រាបយានយន្តកែច្នៃ មិនស្គាល់ម៉ាក ស្គាល់ប្រភេទ មួយគ្រឿងបានដឹកឈើប្រភេទលេខ២ ដែលមានចំណុះជាង៥ម៉ែត្រគីប ចេញពីឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឆ្ពោះមកខេត្តសៀមរាប ក៏ត្រូវបានលោក យឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង សហការជាមួយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដឹកនាំកម្លាំងបង្ក្រាប នៅចំនុចទំនប់ត្រាវកុដ្ឋ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយនាំយកវត្ថុតាងទាំងអស់មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរក្សាទុករងចាំកសាងនិតិវិធីច្បាប់។
ឈ្មួញឈើដុះស្លែរ ចូលចិត្តសុំច្បាប់តាមទូរស័ព្ទ ឈ្មោះច្រឹម សម្បតិ្ត ប្តីឈ្មោះគឹម ឡាង រស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ថាកាដឹកឈើនេះ គឺបានសុំលោក ឯម មន្នី នាយរងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ហើយបានរត់ការបង់ជូនសង្កាត់រដ្ឋបាលព្រៃឈើគូលែន ៦៨ម៉ឺនរៀលសម្រាប់ព្រុំប្រទល់ខេត្តព្រះវិហារបង់អស់៣០០ដុល្លា បង់ប៉ូលិសសេដ្ឋកិច្ច១០ម៉ឺនរៀល បង់មេព្រៃស្រុកស្វាយលើបង់អោយកូនចៅលោក វ៉ាត់នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាលើ បង់អស់២០ម៉ឺន ក្នុងនោះបង់ទាំងប៉ូលិស ប៉េអ៊ឹម បរិស្ថាន គ្រប់កន្លែង សរុបទាំងអស់៩០០ដុល្លា ហើយមកដល់ទំនប់ត្រាវកុដ្ឋក៏ត្រូវបានកម្លាំងសមត្ថកិច្ចមេព្រៃចាប់តែម្តង។
សូមបញ្ជាក់ផងដែរថា បញ្ហាការដឹកជញ្ជូនឈើរបស់ ចេញពីតាមបណ្តាស្រុក ចូលមកទីរួមខេត្តសៀមរាប គឺត្រូវបានគេ សង្កេតឃើញមានការដឹកយ៉ាងគគ្រឹងគគ្រេង ទោះជាសមត្ថកិច្ចខំប្រឹងប្រែងបង្ក្រាបយ៉ាងណានោះ ក៏នៅតែមានការ លួចលាក់ដឹកដោយមិនទម្លាប់សុំច្បាប់ ឲ្យមានលក្ខណៈត្រឹមត្រូវសមស្របតាមច្បាប់នោះទេ ដោយសារតែក្រុមឈ្មួញ ឈើចូលចិត្តប្រើប្រាស់មនោសញ្ជេតនា ក្នុងការសុំដោយមាត់ទទេ តាមរយៈទូរស័ព្ទដៃ ជាហេតុធ្វើឲ្យបាត់បង់ចំណូល ថវិការរដ្ឋដោយសារតែ ខ្វះការពង្រឹងការអនុវត្តន៍ច្បាប់ក្នុងវិស័យព្រៃឈើ។
ដោយ ប៊ុន រដ្ឋា




































