ខេត្តឧត្តរមានជ័យ៖អាជ្ញាធរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបង្កើតឲ្យមានវេទិការសាធារណះដើម្បីឲ្យពលរដ្ឋក្នុងមូលដ្ឋាន លើកយកនូវបញ្ហាប្រឈមនិងភាពជោគជ័យមួយចំនួនក្នុងភូមិ ឃុំ ស្រុក មកជជែកពិភាក្សា រិះគន់ចំនុចខ្វះខាតរបស់មន្ត្រីរដ្ឋបាលសាធារណះ និងសំណូមពរដល់មន្ត្រីពាក់ពន្ធ័ឲ្យជួយដោះស្រាយបញ្ហាផ្សេងៗ ពោលគឺ បទល្មើសចោរ លួច ឆក់ ប្លន់ ក្មេងទំនើង ការចេញលិខិតស្នាម ផ្សេងៗ និងបញ្ហាអសន្តិសុខមួយចំនួន។
ពិធិនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាលាឃុំអំពិល នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក ហាំង ម៉េង អភិបាលស្រុក លោក ហម ភិរម្យ អធិការនគរបាលស្រុក ដោយមានការចូលរួមពីលោកលោកស្រី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង ពលរដ្ឋ១៤២នាក់។
ថ្លែងក្នុងវេទិការសាធារណះ ពលរដ្ឋបានសំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច ត្រូវជួបទប់ស្កាត់ ករណីជួញដូរគ្រឿងញៀន និងបនល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះសព្វថ្ងៃមានក្មេងញៀនថ្នាំច្រើន កូនតូចរបស់ពួកគាត់អាចប្រឈមពីឥទ្ធិពលនេះប្រសិនបើសមត្ថកិច្ចមើលរំលង។
ទន្ទឹមគ្នានោះក៏មានពលរដ្ឋខ្លះបានកោកសរសើរដល់អាជ្ញារធរ ដែលបានបំពេញការងារបានល្អ នាពេលកន្លងមក ដូចជាការបង្ក្រាបការជួញដូរគ្រឿងញៀន ក្មេងទំនើង និងការចុះធ្វើអត្តសញ្ញាណប័ណ្ណ តាមភូមិហើយសមត្ថកិច្ចថែមទាំងយកមកចែកដល់តាមផ្ទះវិញទៀត។
ក្នុងឱកាសនោះ លោកអភិបាលស្រុក និងលោកអធិការក៏បានចែកអត្តសញ្ញាណប័ណចំនួន ១៣៨សន្លឹកដល់ពលរដ្ឋប្រុសស្រីក្នុងភូមិឃុំខាងលើផងដែរ៕