សៀមរាប៖តាមរយៈបទពិសោធន៍លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជាង២០ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានក្លាយខ្លួន ជាទីស្រង់បទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់មួយចំនួន គឺជាពិសេស គឺបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។ថ្ងៃទី៣០ ខែតុលា ឆ្នា២០១៥នេះ ក្រុមអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យប្រមាណជិត៦០នាក់ មកពីប្រទេសចំនួន៧ ក្នុងចំណោម១០ប្រទេសនៃសមាជិកអាស៊ានគឺ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម ភូមា កម្ពុជា និងប្រទេសជាភ្ញៀវចំនួនបីទៀតគឺ ស៊ុយអែត ប៉ាគីស្ថាន និង អាល្លឺម៉ង់ បានមកស្រង់បទពិសោធន៍អំពីការអភិរក្ស ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់អាជ្ញាធរជាតិអប្សរា ជាពិសេស គឺការងារអភិវឌ្ឍសហគមន៍នៃប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានេះបញ្ជាក់ថា ប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំង៧ប្រទេស ដែលមកបំពេញទស្សនកិច្ចសិក្សានេះ រៀបចំឡើងដោយ សាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ី។ ប្រតិភូទាំងនេះសុទ្ធសឹងជាអ្នកដឹកនាំស្ថាប័នស្រាវជ្រាវ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យនានានៃតំបន់អាស៊ាន។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃក្រុមប្រតិភូនៅក្នុងរមណីយដ្ឋានអង្គរនេះគឺ ទី១ សិក្សាទៅលើការងារអភិរក្សគ្រប់គ្រងប្រាសាទ និងគ្រប់គ្រងវិស័យទេសចរណ៍ឲ្យមាននិរន្តរភាព។ ទី២ សិក្សាទៅលើការងាររៀបចំអភិវឌ្ឍន៍សហគមន៍ពលរដ្ឋក្នុងតំបន់អង្គរ ថាតើ ការអភិរក្សបេតិកភណ្ឌជាមួយនឹងការអភិវឌ្ឍន៍សហគមន៍មនុស្សមានតុល្យភាពរវាងគ្នាដែរឬទេ។
ទាក់ទងនឹងការសម្រេចជ្រើសយករមណីយដ្ឋានអង្គរ ជាទីកន្លែងសិក្សានៅពេលនេះ លោក អ៊ឹម សុខរិទ្ធី យល់ថា “ដោយសារបទពិសោធន៍ និងលទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន ទទួលបានការដឹងឮ ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ការគ្រប់គ្រងបេតិកភណ្ឌពិភពលោអង្គរ យើងមានការឈានមុខគេក្នុងតំបន់ រហូតមកដល់បណ្តាប្រទេសផ្សេងៗទៀត បានយកធ្វើជាគំរូ”។
ក្រៅពីដំណើរទស្សនកិច្ចសិក្សា ក្រុមប្រតិភូក៏បានស្តាប់បទបង្ហាញពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលស្តីពីការងារអភិរក្ស ការគ្រប់គ្រងទឹក ការគ្រប់គ្រងទេសចរណ៍ ការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍកសិកម្មធម្មជាតិផងដែរ៕ ឧត្តម