ខេត្តព្រះសីហនុ ជនបរទេស ជាជនជាតិរុស្ស៊ីម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនសហកាជាមួយកម្លាំងការិយាល័យជនអន្តោប្រវេសន្តខេត្តព្រះសីហនុ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ២៩ ខែតលា នេះ
លោកវរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុកប្រធានការិយា ល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថាបុរសជនជាតិរុស្សុីម្នាក់នេះត្រូវបានកម្លាំងជំនាញបានឆ្មក់ចុះបង្ក្រាបកាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៨តុលាដោយជាប់សង្ស័យក្នុងករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននៅចំណុចក្រុម១១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ។ លោកវរសេនីយឯក សាន់ ប៊ុនថន បានអោយដឹងថា ជនសង្ស័យជនជាតិរុស្ស៊ី មានឈ្មោះ Alexander Ageen ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអ្នកទេសចរណ៍បានមកស្នាក់នៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥កាន់លិខិតឆ្លងដែនលេខ ៧១១៣១៤១១០ អស់សុពលភាពឆ្នាំ២០២០ ។
លោកសាន់ប៊ុនថនបានអោយដឹងបន្តថា វត្ថុតាងដែលដកហូតបានរួមមាន ម្សៅពណ៍សរ ចំនួន០២កញ្ចប់ ស្មើនឹង ១.៩ក្រាម និងសម្ភារៈមួយចំនួនទៀត ។
នៅព្រឹកថ្ងៃទី២៩តុលានេះនគរបាលខេត្តបានបញ្ជូនជនជាតិរុស្ស៊ី និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕




































