រាជធានីភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ បានបណ្តាលឲ្យ នារីម្នាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀត ត្រូវរងរបួសស្រាល ខណៈពួកគេទាំងពីរនាក់ ជិះម៉ូតូធ្លាក់ជង្គុក បណ្តាលឲ្យដួល ហើយត្រូវរថយន្ត ចាក់បេតុងធុនធំ មួយគ្រឿង បើកមកពីក្រោយ កិនស្លាប់ភ្លាមៗ តែម្តងនៅចំណុច មុខ
ខារ៉ាអូខេ ដែលមានយីហោរាត្រីសេកុង II ស្ថិតតាម បណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២១និង០០នាទី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ។ យោងតាមសាក្សីពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញនារី រងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសង់សេ១២៥ សេរីឆ្នាំ ២០១៤ ពណ៌
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-5630 ជិះឌុបគ្នា ធ្វើដំណើរតាមបណ្តោយ ផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម លុះមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែជិះធ្លាក់ជង្ហុគ បណ្តាលឲ្យដួល ហើយត្រូវរថយន្តចាក់បេតុងធុនធំ មួយគ្រឿងពណ៌ទឹកក្រូច លាយពាក់ស្លាកលេខព្រះសីហនុ 5A-0030 បើកបរក្នុងទិសដៅ ស្របគ្នា បានបើកមកពីក្រោយ កិននារីម្នាក់ស្លាប់ បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម តែម្តង ទៅចំណែកនារីម្នាក់ទៀត ត្រូវរងរបួសស្រាល ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបានព្យាយាមបើករត់គេចខ្លួន បានប្រមាណជាង១គីឡូដី តែសំណាងអាក្រក់ ជិះចូលទៅកន្លែង កុងត្រូលរបស់នគរបាល ទើបត្រូវសមត្ថកិច្ច ចាប់ឃាត់បាន ទាំងរថយន្ត និងអ្នកបើកបរបានភ្លាមៗ តែម្តងទៅ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ ជំនាញចុះធ្វើការអន្តរាគមន៍ ដល់កន្លែងកើតហេតុ ដកហូតយកម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ព្រមទាំងអ្នកបើកបរយក ទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពក្រោយកើតហេតុ ត្រូវបានសាច់ញាតិ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ គឺកើតឡើងដោយសារបើកបរខ្វះការ ប្រុងប្រយ័ត្នខ្ពស់ចំពោះ ស្ថានភាពផ្លូវណាមួយ សភាពផ្លូវខាងលើ មានលក្ខណៈទ្រុឌទ្រោម ពិបាកក្នុងការចរាចរ លើដងផ្លូវទើបបង្កឲ្យ មានគ្រោះថ្នាក់ដូចនេះកើតឡើង ។
ហើយចំពោះផ្លូវខាងលើនេះដែរ គឺតែងតែកើតមានគ្រោះថ្នាក់ ចរាចរណ៍ជាញាក់ញាប់ បំផុតព្រោះស្ថានភាពផ្លូវ ទ្រុឌទ្រោម មានជង្ហុគច្រើន ពិបាកចំពោះការធ្វើដំណើរ និងពិបាកក្នុងការមើលផ្លូវ ពេលដែលធ្វើដំណើរ នៅពេលយប់ជាពិសេស ភូមិសាស្ត្រ ខាងលើ ជាកន្លែងដែលបណ្តុំ ទៅដោយហាងផឹកស៊ី និងខារ៉ាអូខេជាច្រើន ហើយរថយន្តក៏ដូចជា ម៉ូតូដែលចូលទៅផឹកស៊ី ក្នុងហាងទាំងអស់នេះ ចតនៅលើចិញ្ចើមពាសវាលពាសកាល បង្កឲ្យមានស្ថានភាព ផ្លូវកាន់តែតូចចង្អៀតពិបាក ក្នុងការធ្វើដំណើរមួយកម្រិតផងដែរ ។
ដូច្នេះហើយសូម សមត្ថកិច្ចក៏ដូចជា មន្ត្រីពាក់ព័ន្ធទាំងអស់មេត្តា គិតចំពោះស្ថានភាពផ្លូវខាងលើឡើងវិញផង និងសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវខាងលើដើម្បីចូលរួមបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍និងចូលរួមចំណែករក្សា សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕