ខេត្តបន្ទាយមានជ័យ ម៉ោង៩យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥មានរថយន្ត២គ្រឿងដឹកឈើប្រណិតខុសច្បាប់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនកណ្តាលប្រឆាំងបទល្មើស និងក្រឡាបញ្ជីតំណាងលោកព្រះរាជអាជ្ញាខេត្តធ្វើការត្រួតពិនិត្យឈើដឹកផ្ទុកក្នុងរថយន្តទាំង២គ្រឿងក្នុងនោះសមិត្ថកិច្ចបានរកឃើញនៅក្នុងរថយន្តពណ៌ត្រេអុី១បាំងកន្លះពាក់ស្លាកលេខ ខម២-៥៤៦៣ ដឹកផ្ទុកឈើប្រភេទ ត្រាវចំនួន៤០ដុំប្រវែង២ម៉ែត្រ បើកបរដោយឈ្មោះ មឿន រ៉ាម៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ២នៅអង្គភាពនៃកងពលតូចអន្តរាគមន៍លេខ៥ ខេត្តសៀមរាប និងសមត្ថកិច្ចរកឃើញសម្ភារៈសម្លៀកបំពាក់យោធាមួយចំនួនទៀតផងដែរមិនតែប៉ុណ្ណោះសមត្ថកិច្ចពិនិត្យរកឃើញស្លាកលេខ ខ ម ចំនួន៣ ដើម្បីទុកសម្រាប់ដោះដូរបំភ័ន្តភ្នែកសមត្ថកិច្ចសម្រាប់ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ និងរកឃើញវិក័យប័ត្រជាអក្សរថៃតម្លៃទិញឈើចំនួន៣ផងដែរ។ឈើដឹកផ្ទុកតាមរថយន្តស្លាកលេខ ខម នោះទំនងជាគេដឹកយកទៅលក់នៅប្រទេសថៃ។នៅពេលនោះសមត្ថកិច្ចពិនិត្យរថយន្ត១គ្រឿងទៀតម៉ាកកាមរីពណ៌ខ្មៅ គ្មានស្លាកលេខ សេរីឆ្នាំ១៩៨៥ រកឃើញរថយន្តដឹកផ្ទុកប្រភេទឈើធ្នុងចំនួន៤២ដុំ បើកបរដោយឈ្មោះបញ្ញា ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តសៀមរាប។ឈើខុសច្បាប់ទាំងអស់នោះត្រូវបានសមិត្ថកិច្ចដឹកយកទៅរក្សាទុកដើម្បីឲ្យមេព្រៃចាត់ការទៅតាមនិតិពិធីច្បាប់៕




































