ខេត្តកំពង់ឆ្នាំង៖ស្ត្រីវ័យចំណាស់២នាក់ និងកុមារីតូចម្នាក់ បានរងរបួសធ្ងន់និងស្រាល ដៃ ជើង និងក្បាល ទាំងអស់គ្នា ខណះដែលពួកគាត់ទាំងអស់នាក់កំពុងបើកម៉ូតូឌុបគ្នា ត្រូវបានយុវជនម្នាក់បើកម៉ូតូមកពីក្រោយ ឡើងវ៉ាមិនផុត ក៏បានប៉ះដៃចង្កូត បណ្តាលអោយដួលទាំងអស់គ្នានៅកណ្តាលផ្លូវជាតិ។ ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងនៅម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ នៅក្នុងករណីនេះពុំមានសមត្ថកិច្ចមកជួយអន្តរាគមឡើយ។
ស្ត្រីរងគ្រោះទាំង២នាក់និងកុមារីតូចខាងលើនេះ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ តែពួកគាត់ទាំង២នាក់មានអាយុប្រមាណ៥០ឆ្នាំដូចគ្នា ចំណែកកុមារីតូច មានអាយុ២ឆ្នាំ បានប្រាប់គេថា ពួកគាត់មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B 9441 ឌុបគ្នាចេញពីផ្ទះ ធ្វើដំណើរទៅទីរូមខេត្តកំពង់ឆ្នាំងបំណងទៅលេងចៅ។ ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង សេរីឆ្នាំ២០១២ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកមកពីក្រោយឡើងវ៉ាម៉ូតូពួកគាត់ តែវ៉ាមិនផុតក៏ទាក់ដៃចង្កូត បណ្តាលអោយម៉ូតូ២គ្រឿងដួលទាំងអស់គ្នា ធ្វើអោយ រងរបួស៣នាក់រួមទាំងកុមារតូចម្នាក់ផង។ដោយឡែកយុវជនជាអ្នកបើកម៉ូតូបង្ក មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់ពីដួលហើយគេបានលើម៉ូតូយ៉ាងប្រញ៉ាប់ប្រញ៉ាល់ លើកម៉ូតូបើកគេចខ្លួនទៅបាត់ មិនបាននៅដោះស្រាយគ្នាជាមួយជនរងគ្រោះនោះទេ។
ក្រោយពេលកើតហេតុគេមិនបានឃើញសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ ចុះមកធ្វើការវាស់វែងឬជួយដោះស្រាយនោះឡើយ គឺឃើញមានតែអ្នកធ្វើដំណើរដូចគ្នា ជួយលើកម៉ូតូ និងលើកជនរងគ្រោះដាក់ទៅកៀនផ្លូវ។ ចំណែកជនរងគ្រោះទាំង៣នាក់ ជាងមួយម៉ោងក្រោយមក ត្រូវបានក្រុមគ្រួសារ មកដឹកយកត្រឡប់ទៅលាងរបួស និងព្យាបាលចាក់ថ្នាំនៅផ្ទះក្នុងមូលដ្ឋានខ្លួនឯងវិញ៕