ខេត្តកំពង់ឆ្នាំង៖នៅក្នុងសាលាបឋមសិក្សាអាឡែង ស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដែលជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៥-២០១៦ លោកគ្រូអ្នកគ្រូបានបើកយុទ្ធនាការ ធ្វើពីធីដង្ហែក្បូនឃោសនា ក្នុងភូមិឃុំ ដើម្បីប្រមូលកុមារអោយមកចូលរៀនក្នុងសាលាបឋមសិក្សាអាឡែង ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានសរុបជិត១០០នាក់។
នៅក្នុងពិធីនោះ អ្នកស្រី អ៊ុង វណ្ណារី នាយិកាសាលាបឋមសិក្សាអាឡែង បានឡើងប្រកាសអំពីគោលការអប់រំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីគុណតម្លៃនៃចូលការសិ ក្សារបស់កុមារ និងបានរៀបចំពិធីដង្ហែរក្បួនឃោសនា ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន មានចំនួនសរុបជិត១០០នាក់ ។នៅក្នុងនោះដែរ គេក៏ឃើញមានការរៀបចំបដាចងជុំវិញគោយន្តមួយគ្រឿង ដែលមានសរសេរថា៖ មាតាបីតា ឬអាណាព្យាបាល ត្រូវនាំកូនទៅចុះឈ្មោះចូលរៀន ដែលកុមារទាំងនោះមានអាយុ៦ឆ្នាំ ឬយ៉ាងតិច៧០ខែ ការចុះឈ្មោះនេះ មិនមានការបង់ប្រាក់ឡើយ , ការបញ្ជូនកូនអោយចូលរៀន គឺសន្សំទ្រព្យទុកអោយកូន។ពិធីដង្ហែក្បួនខាងលើនេះ បានធ្វើដំណើរតាមចំនូន៤ភូមិ ដែលជាភូមិចំណុះអោយសាលាបឋមសិក្សាអាឡែង។
អ្នកស្រី អ៊ុង វណ្ណារី នាយិកាសាលាបឋមសិក្សាអាឡែងបានអោយដឹងថា៖ពិធីបើកយុទ្ធនាការ ប្រមូលកុមារអោយចូលរៀននេះ គឺអ្នកស្រីបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីជាការដាស់តឿននិងពន្យល់ដល់មាតាបីតា ឬអាណាព្យាបាល របស់កុមារតូចៗដែលមានអាយុត្រូវចូលរៀនហើយនោះ អោយបានយល់ដឹងពីគុណប្រយោជន៍នៃការសិក្សារបស់កូនៗ ព្រោះការសិក្សាចំណេះវិជ្ជា វាជាទ្រព្យសម្បត្តិដ៏មានតម្លៃ មិនអាចចោរលួចចោរប្លន់ ឬភ្លើងឆេះបាននោះឡើយ និងជាពន្លឺនៃជីវិតរបស់កូនចៅយើងគ្រប់ៗរូប ដែលស្របតាមពាក្យចាស់២ឃ្លាបានទូន្មានអប់រំកូនចៅថា៖ ១« ចំណេះវិជ្ជាជាអាវុធដ៏មុតថ្លា ជីវិតរុងរឿងថ្លៃថ្លាក៏ដោយសារចំណេះវិជ្ជា » ២ « ចំណេះវិជ្ជាគឺជាឃ្លាំងប្រាក់ គ្មានកណ្តៀរកោរកណ្តុរកាត់ ចាយណាស់មិនបាត់មិនមានល្អៀង គិតច្រើនចាយច្រើនចំរើនទៀង ពីបច្ចុប្បន្នរៀងទៅបរិលោក » ៕