ខេត្តសៀមរាប៖ទីតាំងល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីដុះស្លែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បង្ក្រាប និងឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងហ្គេមបាញ់ត្រី៤នាក់ យកមកធ្វើការអប់រំ ចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់ប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីគ្មានច្បាប់នេះធ្វើឡើងកាលវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំនុចផ្សារអង្គរដ្រេត ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយឯក ស្រី យ៉ូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។
លោកវរសេនីយឯក ស្រី យ៉ូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិការនេះថា ដោយយោងតាមបទបញ្ជារបស់លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបករណីហ្គេមបាញ់ត្រីគ្មានច្បាប់ខាងលើនេះ។
លោកបន្តថា ក្រោយពីធ្វើការចុះបង្ក្រាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបានអ្នកញៀនល្បែងហ្គេមបាញ់ត្រីចំនួន៤នាក់ រួចកម្លាំងជំនាញបាននាំខ្លួនអ្នកទាំងនោះនិងវត្ថុតាង យកមកការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ។ លោកបន្តទៀតថា ក្រុមអ្នកញៀនល្បែងដែលឃាត់ខ្លួនបាន ចំនួន៤នាក់ក្នុងនោះមានទី១/ឈ្មោះ ខុម មន្នីរ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់រឺម៉ក រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងទី២/ ឈ្មោះ ស៊ុយ ម៉េង ភេទប្រុស អាយុ ៤០ឆ្នាំមុខរបរលក់គ្រឿងភ្លើង រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបនិងទី៣/ឈ្មោះ ប៉ាង សុវណ្ណារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងភ្លើង ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទី៤/ឈ្មោះ គុយ ជុំ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនហ៊ាម៉េង មានទីលំនៅភូមិជីគាក ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រោយពីធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រួចធ្វើការដកហូតបានវត្ថុតាងរួមមានៈទូរហ្កេមបាញ់ត្រីចំនួន៤គ្រឿង,និងកាក់មួយចំនួនធំ ។ បច្ចុប្បន្នអ្នកញៀនល្បែងបាញ់ត្រីទាំង៤នាក់ត្រូវបានកម្លាំងជំនាញធ្វើការអប់រំធ្វើកិច្ចសន្យាដោះលែងឱ្យត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៥។ចំណែកម្ចាស់ទីតាំងដែលបានគេចខ្លួនបាត់ ត្រូវបានកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកអនុវត្តន៍តាមច្បាប់៕ ដោយ ឧត្តម