មន្ដ្រី​ជំនាញនៅ​ខេត្ដ​រតនគិរី គ្រោង​នឹង​បង្ក្រាប អាជីវកម្ម​រ៉ែ​ខុសច្បាប់

0

ខេត្ដ​រតនគិរី ៖ មន្ដ្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ខេត្ដ​រតនគិរី គ្រោង​នឹង​បង្ក្រាប អាជីវកម្ម​រ៉ែ​ខុសច្បាប់ បន្ទាប់ពី​ស្រាវជ្រាវ រកឃើញ​អាជីវកម្ម រ៉ែ​មាស​ជាច្រើន​កន្លែង ក្នុងស្រុក​អូរ​យ៉ា​ដាវ ដែលមាន​ជនជាតិ​វៀតណាម និង​ខ្មែរ​ប្រមាណ ២០០​នាក់ កំពុង​ប្រើប្រាស់ ឧបករណ៍ និង​សារ​ធាតុគីមី បំពុលបរិស្ថាន យ៉ាង​អនាធិបតេយ្យ អស់​រយៈពេល​ជិត ១០​ឆ្នាំ​មកហើយ ។ បន្ទាប់ពី​ទទួលបាន សេចក្ដីរាយការណ៍ ពី​ប្រជា​សហគមន៍ អង្គការសិទ្ធិមនុស្ស អាដហុក​ខេត្ដ​រតនគិរី បាន​ចុះ​ស្រាវជ្រាវ កាលពី​ចុង​សបា្ដហ៍​មុន និង​ឃើញ​កន្លែង ជីក​និង​កិន​រ៉ែ​មាស​ខុសច្បាប់ ជាច្រើន​កន្លែង នៅ​តំបន់​ព្រៃ​មាស ដែល​ស្ថិតក្នុង​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ​។
​ប្រភព​បានឱ្យដឹងថា ឧបករណ៍​ដែល ប្រើប្រាស់​នៅតាម ទីតាំង​ទាំងនោះ​រួម មាន​ម៉ាស៊ីនភ្លើង ឌី​ណា​ម៉ូ​ភ្លើង ម៉ាស៊ីន កិន​មាស ប្រដាប់​រែង​មាស ត្បាល់កិន ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​គោយន្ដ សារធាតុ​គីមី​បា​រ៉​ត អាង​ស្ដុក​ទឹក​សម្រាប់​លាង និង រំលាយ​យក​មាស ជាដើម​ដែល​ស្ថិតនៅ រាយប៉ាយ​លើ​ផ្ទៃដី​ប្រមាណ​ជា ៣​គីឡូម៉ែត្រ ៤​ជ្រុង ទៅតាម​ខ្សែ​មាស​ដែល​គេ​រកឃើញ ។ ក្នុង​ម៉ាស៊ីន​មួយ​មាន​អ្នក​ជីក​ពី ៣​ទៅ​៥ នាក់ ហើយ​ពួកគេ បាន​គេចចេញ​បាត់អស់ មិនឱ្យ​ជួប និង​ថតរូប​នោះទេ នៅពេលដែល លោក​ចុះ​ទៅដល់ ។
​ប្រភព​បន្ដថា គ្រប់​ម៉ាស៊ីន​ទាំងអស់ គឺ​សុទ្ធតែ​មានប្រើ​ប្រាស់ សារធាតុ​គីមី ដូចជា​បា​រ៉​ត និង​អាស៊ីតខ្លាំង សម្រាប់​ចាប់​និង​រំលាយ​ដី ឱ្យក្លាយ​ទៅជា​ទឹករ៉ែ​មាស ក្នុង​រយៈពេល ១​អាទិត្យ ។ បន្ទាប់មក គឺ​គេ​បង្ហូរទឹក​នោះ ចោល​ទៅតាម​អូរ និង​ទឹកភ្លៀង​ពាសវាល​ពាសកាល តាម​អំពើ​ចិ​ត្ដ​ដែល​អាច​នឹង​បង្ក ផលប៉ះពាល់​ដល់ បរិស្ថាន​។ គេ​ជឿជាក់ថា ការធ្វើ​អាជីវ​កម្មនេះ គឺមាន​អ្នកមានអំណាច នៅ​ពី​ក្រោយខ្នង និង​ការឃុបឃិត​គ្នា និង​សូកប៉ាន់ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ដំណើរការ បាន​ច្រើន​ឆ្នាំ បែបនេះ​នោះទេ​។
​ទោះបីយ៉ាងណា​លោក ម៉ា វិចិត្រ អភិបាលស្រុក និង​ជា​អតីត​អធិការ ស្រុក​អូរ​យ៉ា​ដាវ បាន​អះអាងថា មិនមាន​ការធ្វើ​អាជីវកម្ម រ៉ែ​មាស​ខុសច្បាប់​កើតមាន​នោះទេ នៅ​តំបន់​ព្រៃ​មាស​នោះ ហើយ​កាលពីមុន​ការជីក​រ៉ែ​មាស បែប​អនាធិបតេយ្យ គឺ​កើតមាន​តិចតួច មែនហើយ​អាជ្ញាធរ បាន​ចុះទៅ​ទប់ស្កាត់ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់ បាន​ជាង​១០ ម៉ាស៊ីន​។ លោក ម៉ា វិចិត្រ បាន​ថ្លែងថា កន្លងមក​គឺមាន​ការរក អនាធិបតេយ្យ​មែន វា​ធ្វើតាម​លក្ខណៈ​គ្រួសារ កំប៉ិកកំប៉ុក ប៉ុណ្ណោះ​។ តែ​ក្រោយមក​អាជ្ញាធរ បាន​ប្រើ​កងកម្លាំង ឱ្យទៅ​ធ្វើ​កិច្ចសន្យា ហើយ​ឥឡូវ​ស្ងាត់ ឈប់​ធ្វើ​អស់ហើយ ដូចជា​មិនមាន​បញ្ហា​អី​ទេ​។​
​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ដ រតនគិរី លោក ហ៊ុន ប៊ុន​ថា​ន់ បាន​មាន ប្រសាសន៍ថា បទល្មើស​ជីក​រ៉ែ​មាស នៅ​តំបន់​ព្រៃ​មាស​នោះ គឺ​កំពុងតែ​កើតមានឡើង កាន់តែ​ច្រើនឡើង ក្នុង​រយៈ​ប៉ុន្មាន​ខែ ចុងក្រោយ​នេះ ។ លោក​បាន​បន្ដថា​មន្ទីរ បានទទួល​ការឯកភាព ពី​ក្រសួង​រ៉ែ និង ថាមពល​រួចហើយ ហើយ​គ្រោង​នឹង​ចុះ ចាត់វិធានការ​ច្បាប់ នៅ​សបា្ដហ៍​នេះ ។ លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា ទីតាំង​ជីក​ត្បូង​នៅក្នុង​ភូមិប​ឡយ ឃុំ​កិះ​ចុង ស្រុក​ប​កែវ ត្រូវបាន​បង្ក្រាប​ដោយ​រឹបអូស បាន​ម៉ាស៊ីន ២​គ្រឿង​ផងដែរ ។ ប៉ុន្ដែ​អ្នក​ប្រ​ព្រឹ​ត្ដ​បាន​រត់គេចខ្លួន បាត់​អស់ហើយ នៅពេលនេះ​កម្លាំង​ជំនាញ កំពុងតែ​ស្រាវជ្រាវ រក​ប្រភព​ពួកគេ​៕ ដោយ​:​វ​ន័ ឥសាន​z2 z1