តុលាការ​ខេត្តសៀមរាប សម្រេច ដោះលែង អតីត និស្សិត តៅ សាវឿន USEA ឱ្យមាន​សេរីភាព​វិញ​ហើយ​

0

​ខេត្តសៀមរាប​៖ តុលាការ​ខេត្តសៀមរាប សម្រេច​ដោះលែង​អតីត​និស្សិត​លោក តៅ សាវឿន រៀន​នៅ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ ឱ្យមាន​សេរីភាព​វិញ​កាលពី​ថ្ងៃទី​៣០​ខែ តុលា កន្លងទៅនេះ ក្រោយពី​បាន​ជំនុំជម្រះ​ក្ដី​កាលពី​ថ្ងៃទី​២២ ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​រូបថត តៅ សាវឿន កាលនៅទទួលសញ្ញាបត្រលោក តៅ សាវឿន បាន​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រ​ឡា​ហោម ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ខែកញ្ញា​កន្លងទៅ​។​
មេធាវី​ការពារ​ក្ដី​ឱ្យ​លោក តៅ សាវឿន គឺ​អ្នកស្រី កុយ កិ​ត្យា មានប្រសាសន៍ប្រាប់ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០២​ខែវិច្ឆិកា​នេះ​ថា តុលាការ​ខេត្ដ​សៀមរាប​បានសម្រេច ដោះលែង លោក តៅ សាវឿន ឱ្យមាន​សេរីភាព​វិញ​ហើយ​ដូច​ការគ្រោងទុក​របស់​អ្នកស្រី​មេធាវី​។​អ្នកស្រី​បានបញ្ជាក់​ថា ការសម្រេច​របស់​កូនក្តី ប្តឹងទៅ​សាលាឧទ្ធរណ៍ ឬ​មិន​ប្តឹង គឺជា​សិទ្ធ​របស់គាត់ ហើយ​អ្នកស្រី នឹង​ព្យាយាម​ពន្យល់​ដល់​គាត់​បន្ថែមទៀត​។​
ទាក់ទិន​ទៅនឹង​ករណី​ខាងលើ​នេះដែរ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មានប្រសាសន៍ប្រាប់ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០២​ខែវិច្ឆិកា​នេះ​ថា យុវជន​ដែល​គំរាម​សម្លាប់​សម្តេច​ក្រឡាហោម ស ខេង តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ តៅ សាវឿន នោះ​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ហើយ ។​លោក​បន្តថា យុ​ជន​រូបនេះ​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ គំរាម នឹង​សម្លាប់​តាម​facebook ហើយ​បើតាម​ច្បាប់​ត្រូវ​ជាប់ទោស​ចំនួន​១៥​ខែ អនុវត្តន៍​១​ខែ សល់​ពី​នោះ​ព្យួរ​។​លោក​បាន​បញ្ជាក់ថា ក្រោយពី​មាន​លិខិត​សុំទោស​ពី អតីត​លោក តៅ សាវឿន ទៅ​សម្តេច​ក្រឡាហោម ស ខេង ទើប​មានការ​ដោះលែង​បែបនេះ​។​
សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥​នេះ អតីត​និស្សិត​ឈ្មោះ តៅ សាវឿន រៀន​នៅ​សាកលវិទ្យាល័យ USEA នៅ​ខេត្ដ​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ បន្ទាប់ពី​យុវជន​រូបនេះ​គំរាម​បោក​គ្រាប់បែក​សម្លាប់​សម្តេច​ក្រ​ឡា​ហោម ស ខេង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខណៈពេលដែល​សម្តេច​បា​ន​អញ្ជើញ​មកជា​កិត្តិយស​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ USEA នៅ​ខេត្ដ​សៀមរាប ។ គិត​ចាប់​ពីថ្ងៃ​នាំខ្លួន​កាលពី​ថ្ងៃទី​២៨​កញ្ញា រហូតដល់​ថ្ងៃទី​២៨ ខែតុលា​នេះ គឺមាន​រយៈពេល​១​ខែ​ហើយ តែ​យុវជន​ខាងលើ​ត្រូវបាន​តុលាការ​កំណត់​ថ្ងៃ​ឃុំខ្លួន​រយះពេល​១​ខែ​។​
គេ​នៅ​មិនទាន់​ដឹងថា អតីត​លោក​តៅ​សាវឿន​មានបំណង​ប្តឹង​តប​ឬ​មិន​ប្តឹង​នោះទេ ខ​ណះ​មេធាវី​ការពារ​ក្តី​នៅ​មិនទាន់​បញ្ជាក់​មូលហេតុ​៕​ដោយ​ឧ​ត្ត​ម