ខេត្តសៀមរាប៖នៅស្នាក់ការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ មានបើកកិច្ចប្រជុំ ស្តីពី ការប៉ាន់ ប្រមាណសមត្ថភាពស្ថាប័នសាខា (បូកា) ដោយរួមបញ្ចូលជាមួយ លក្ខណៈវិនិច្ឆ័យសាខាមានដំណើរការល្អ ក្រោម អធិបតីភាពរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោក ឃឹម ប៊ុនសុង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមាន ការចូល រួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និង ប្រធានអនុសាខាក្រុង ស្រុក បណ្តាអង្គការដៃគូរ មន្ត្រីថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តិ សាខា អ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទក្រហមផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះលោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកដំបូង របស់សាខាខេត្តសៀមរាប ដែលទាក់ទងប្រធានបទ ( ការប៉ាន់ប្រមាណសមត្ថភាពស្ថាប័នសាខា ) ដោយមានការ សម្របសម្រួលពីថ្នាក់ជាតិ ។ ក្នុងរយៈពេល១០ខែឆ្នាំ២០១៥នេះ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ សាខាខេត្ត សៀមរាប បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារ និង ជនរងគ្រោះមន្តរាយ ដោយឧបទ្ទវហេតុផ្សេងៗ សរុបចំនួន ២ពាន់១៤៥គ្រួសារ ។ ក្នុងនោះដែរលោក ក៏បានលើកផងដែរ ពីអ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា ក្នុងសុវត្ថិភាពចរាចរណ៍ ការងារលើកកម្ពស់សុខភាពសហគមន៍ និង រួមចំណែកគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង កុមារ ដោយផ្តល់សារអប់រំសុខភាព និង ចុះសួរសុខទុក្ខផ្ទាល់ដល់ផ្ទះ ដោយមានកិច្ចសហ ការជាមួយដៃគូចំនួន២ គឺកាកបាទក្រហមអូស្ត្រាលី និង ចិន ក្នុងការផ្តល់សេវាលើកកម្ពស់សុខភាព ផ្នែករូបវ័ន្ត និង អរូបវ័ន្ត ដល់សហគមន៍គោលដៅដែលងាយរងគ្រោះ ។ ក្នុងនោះដែរលោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ពីការលើក កម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ ទៅតាមរយៈការផ្សព្វផ្សាយ បណ្តុះបណ្តាល និង ការផ្តល់អំណោយ មនុស្សធម៌ ហើយកត្តាសំខាន់ ក្នុងការពង្រីកសមាជិកភាព ពង្រឹងអ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា។
ក្នុងកិច្ចបើកការប្រជុំនោះលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដល់សមាជិកគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និង អនុសាខា ព្រមទាំងមន្ត្រីប្រតិបត្តិ អ្នកស្ម័ត្រចិត្ត និង យុវជនកាកបាទ ក្រហម និង បានបញ្ជាក់ផងដែរថា នេះជាកិច្ចប្រជុំទី១៨ហើយ តាមបណ្តាសាខាកាកបាទក្រហមទាំង ២៥រាជធានី ខេត្ត ក្នុងការជម្រុញសក្តានុពល លទ្ធភាព សមត្ថភាពពុះពារអនុវត្តភារកិច្ចមនុស្សធម៌ឲ្យកាន់ប្រសើរឡើង។ លោក ជំទាវអគ្គលេខាធិការ ក៏បានលើកឡើងពីគោលបំណងសំខាន់ៗ ក្នុងការអនុវត្តទិសដៅយុទ្ធសាស្ត្រ កាកបាទក្រហម កម្ពុជា ឆ្នាំ២០១១.២០២០។ម្យ៉ាងទៀតកិច្ចប្រជុំនេះ ជាការស្វែងយល់អំពីសមត្ថភាព និង របៀបបំពេញការងារ បច្ចុប្បន្នរបស់សាខាកាកបាទក្រហមកម្ពុជារាជធានី ខេត្ត ដើម្បីឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាព នានា សម្រាប់ជួយលើកកម្ពសល់សាខាបន្ថែមទៀត រួមទាំងធ្វើឲ្យសាខាទាំងអស់ចេះកសាងនូវផែនការប្រតិបត្តិ ដើម្បីពង្រឹង និង ធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និង ភាពធន់មាំរបស់សហគមន៍ ដោយឈរលើ ការឯកភាពគ្នា ។ លោកជំទាវ ពុំ ចន្ទីនី ក៏បានពន្យល់ផងដែរ អំពី (បូកា ) វាមិនមែនជាការធ្វើតេស្ត ឬ ត្រួតពិនិត្យ លើសាខានោះទេ គឺដើម្បីធ្វើការកំណត់ អំពីសមត្ថភាពបច្ចុប្បន្នរបស់សាខា តាមរយៈលំហាត់ស្វ័យប៉ាន់ប្រមាណ និង ដើម្បីឯកភាពគ្នាលើវិស័យ ដែលត្រូវធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ។ ក្នុងនោះដែរលោកជំទាវក៏បានធ្វើការ កោតសរសើរពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ដែល បានអនុវត្តកន្លងមក ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់សមាជិកនៃកិច្ចប្រជុំទាំងមូល ត្រូវបញ្ចេញឲ្យអស់នូវរាល់បញ្ហា និង ការប្រឈមកន្លងមក របស់សាខា និង អនុសាខា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍សាខាឲ្យបានល្អ ដែលជាជំនឿ ទុកចិត្ត ក្នុងការបម្រើនូវផលប្រយោជន៍ដល់ជាតិទាំងមូល និងឲ្យមានលទ្ធភាពរៀបចំផែនការអភិវឌ្ឍន៍សាខាបាន កែសម្រួលថ្មីមួយ សមស្របតាមបរិការបស់កាកបាទក្រហមកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ៕ ដោយ វេហាស៍