​ថ្ងៃ​បើក​បវេសនកាល ជា​ថ្ងៃ​ដែលមាន​សារៈសំខាន់ និង​អត្ថន័យ​ធំធេង​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​

0

​ខេត្ត​ប៉ៃលិន​៖ ថ្លែង​ក្នុង​ឪ​កាស​ពិធី​បើកប​វេស​នាកាល សម្រាប់ ឆ្នាំ​សិក្សា ២០១៥–២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ នា​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោកស្រី ពៅ សុខ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ថ្ងៃ​បើកប​វេស​នាកាល ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់ និង​មាន​អត្ថន័យ​ដ៏​ធំធេង​សម្រាប់​វិស័យ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​សិស្សានុសិស្ស​ជាទី​ស្រឡាញ់​របស់​យើងទាំងអស់គ្នា ។ ដែល​ពិធី​នេះ​បាន​ប្រ​ព្រិ​ត្ត​ទៅ​ក្រោម អធិបតីភាព លោកស្រី ពៅ សុខ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ,​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ ,​លោក ជា អ៊ិត អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ព្រមទាំង​មាន​ចូលរួម​ពី​សំណាក់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា​សិស្ស ប្រមាណ​ជា​7០០​នាក់ ។
​លោក កឹម លេន នាយក​សាលា​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​៖ វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ជា​វិទ្យាល័យ​មួយ​ក្នុងស្រុក​សាលា​ក្រៅ មាន​អាគារ​សិក្សា​ចំនួន​៤​ខ្នង ២៤ បន្ទុប ,​ហើយ​ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ នេះ មាន​សិស្ស​ចំនួន​៥៩០​នាក់ ក្នុងនោះ​សិស្សស្រី​ចំនួន​២៩០​នាក់ ព្រមទាំង​មាន​បុគ្គលិក​សិក្សា​ចំនួន​៤៥​នាក់ ,​ស្រី​១០​នាក់ ។ លោកនាយក​សាលា​បន្តទៀត​ថា​៖ នៅ​ឆ្នាំ​២០១៣-២០១៤ នៅ​វិទ្យាល័យ​មួយ​នេះ ត្រួវបាន​រងគ្រោះ​ដោយ​ទឹកជំនន់ តែ​ក្រោយមក​ដោយមាន​ការចូល​រួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត , អង្ក​ការ​ដៃគូ​អភិវឌ្ឍ​ន៏ ,​ពិសេស​មាតាបិតា​សិស្ស និង​សប្បុរសជន​ជួយ ថ្នាក់​ដឹង​នាំ​សាលា​បាននិងកំពុង​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ន៏ និង​គុណភាព​នៃ​សិក្សា​ផងដែរ ។ លោក​បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរខេត្ត ស្រុក និង​អង្ក​ការ​ដៃគូ​អភិវឌ្ឍ​ន៏​នាៗ មេត្តាជួយ​ធ្វើ​ផ្លូវ​ចូល​វិទ្យាល័យ​នេះ​ផង ព្រោះ​វា​មានការ​ពិបាក​សម្រាប់​សិស្សានុសិស្ស​ចេញ ចូល​សាលា ។
​លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ បាន​អាន​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឪ​កាស​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៥–២០១៦ ដោយ​បញ្ជាក់ថា​៖ នា​កន្លងទៅ​ថ្មីៗ​នេះ ក្រសួង​អប់រំ ត្រួវបាន​ដើរតួនាទី​យ៉ាងសំខាន់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​កែទម្រង់​ការងា​រ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​សម្រេចបាន​លទ្ធផល​ជា​វិជ្ជមាន​ដែល​អាច​ទាក់ទាញ​មហាជន​ឲ្យ​មានការ​ជឿជាក់​កាន់តែ​ខ្ពស់​ចំពោះ​វិស័យ​អប់រំ នៅ​កម្ពុជា ។ ជាមួយគ្នានេះដែរ ក្នុង​សារលិខិត​របស់​សម្ដេច បាន​សម្ដែង​នូវ​ការអបអរសាទរ ព្រមទាំង​លើកទឹកចិត្ត​ចំពោះ​ក្មួយៗ​សិស្សានុសិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មីៗ​នេះ គ្រប់​និទ្ទេស និង​សូម​ឲ្យ​ក្មួយៗ​បញ្ចេញ​អស់ពី​សមត្ថភាព​ដែល​ខ្លួន​មាន ដើម្បី​បន្ត​ការសិក្សា​ឲ្យ​ខ្ពង់ខ្ពស់​បន្ថែមទៀត ។ ក្នុង​សារលិខិត​បញ្ជាក់ទៀតថា​៖ សម្តេច គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ចំពោះ​ក្រុម​ស្រាវជ្រាវ​អប់រំ ដែលជា​ធនាគារ​ខួរក្បាល​នៃ​ការកែទម្រង់​ការអប់រំ អភិវឌ្ឍ​ជំនាញ​បច្ចេកទេស ហើយ​សូម​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​យើង​ឲ្យ​ឈានឆ្ពោះ​ទៅមុខទៀត​។ ក្នុង​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ សម្តេច ក៏បាន​រំលឹក​ដាស់តឿន និង​សូម​ផ្តាំ​ទៅ​ក្មួយៗ សិស្សានុសិស្ស និង​យុវជន យុវនារី​ទាំងអស់​ថា បើ​យើង​ស្រឡាញ់​ខ្លួន ស្រឡាញ់​ឪពុកម្តាយ និង​ស្រឡាញ់​អនាគត​ដ៏​រុងរឿង គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ចូរ​ក្មួយៗ​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ​ដល់​សង្គម​ជាតិ​យើង​ទាំងមូល​។ លើសពីនេះ​ទៀត​សម្តេច​សូម​ស្នើ​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ឲ្យ​សកម្ម ក្នុង​ការជួយ​អប់រំ​កូនចៅ​ឲ្យ​បានល្អ ទាំង​ផ្នែកអនាម័យ សុខភាព ចំណេះដឹង និង​សីលធម៌ ដើម្បី​បន្ត​លើកកម្ពស់​កិត្តិយស​សង្គមជាតិ​កម្ពុ​ជា​ស័ក្តិសម ជា​ប្រជាជាតិ​មួយ​ដែលមាន​ឈាមជ័រ​បន្ត​ពី​សម័យអង្គរ​ដ៏​រុងរឿង​នេះ​យើង​។​
​ក្នុង​ឪ​កាស​នោះដែរ លោកស្រី ពៅ សុខ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន មាន​ប្រសា​ស​ន៏​ថា​៖ ប៉ៃលិន​ជា​ខេត្ត​មួយ​តូច​ជាងគេ ក៏ប៉ុន្តែ​ប្រព័ន​នៃ​ការអប់រំ មានការ​រីកចំរើន​ខ្លាំង នេះ​ដោយសារ​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​លោកគ្រូ អ្នកគ្រូ បាន​យកចិត្តទុកដាក់​ក្នុងការ​បង្រៀន​សិស្ស ដូច្នោះ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំនេះ ជា​ថ្ងៃ​ដែលមាន​សារៈសំខាន់ និង​អត្ថន័យ​ធំធេង​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​យើង ។ លោកស្រី​បន្តថា​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​សិក្សា ២០១៥–២០១៦ នេះ​សិស្ស​ប្រឡង​បាន​និទ្ទេស A មាន​ចំនួន​រហូតដល់ ១០៨​នាក់ ក្នុងនោះ​ខេត្ត​ប៉ៃលិន​ក៏មាន​ម្នាក់​ដែរ​ដែល​ទ​ទូល​បាន​និទ្ទេស A រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និមិត្ត​ប៉ៃលិន ចំណែក​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ដែលមាន​ចំនួន​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ៣៧​នាក់ យើង​ឃើញថា​បាន​ជាប់​រហូតដល់​ទៅ​៣១​នាក់ ដូច្នោះ​ការអប់រំ​ក្នុង​ខេត្ត​គឺមាន​ការរីកចំរើន​ខ្លាំង ។ លោកស្រី បានស្នើ​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ឲ្យ​សកម្ម ក្នុង​ការជួយ​អប់រំ​កូនចៅ​ឲ្យ​បានល្អ ទាំង​ផ្នែកអនាម័យ សុខភាព ចំណេះដឹង និង​សីលធម៌ ដើម្បី​បន្ត​លើកកម្ពស់​កិត្តិយស​សង្គមជាតិ ពិសេស​ខេត្ត​ប៉ៃលិន​យើង ៕រូបភាព សេង សុវណ្ណារិទ្ធ (6) រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (2) រូបភាព សេង សុវណ្ណារិទ្ធ (4) រូបភាព សេង សុវណ្ណារិទ្ធ (7)