ខេត្តប៉ៃលិន ៖ គេសង្កេតឃើញ អាជ្ញាធរខេត្ត ក៏ដូចមន្ទីរជំនាញបាននិងកំពុងធ្វើការជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែរ ដែលរងការខូចខាតយ៉ាងខ្លាំង ដោយសារទឹកភ្លៀង និងរថយន្តដឹកទំនិញធំៗបើកបរឆ្លងកាត់ ដែលមានប្រវែងជិត៣គឺឡូម្រ៉ែត ដោយថវិការបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ។ ផ្លូវក្រាលកៅស៊ូដែលរងការខូចខាតខាងលើនេះ មានប្រវែងជិត៣គឺឡូមែត្រ ចាប់ពីផ្លូវមុខសួនកុមារ ក្នុងភូមិប៉ាហ៊ីត្បូង រហូតដល់ភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងបៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋសងខាងផ្លូវ បានឲ្យដឹងថា៖ ពួកគាត់មានការត្រេកអរយ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានធ្វើការជួសជុលផ្លូវក្រាលកៅស៊ូដែលរងការខូចខាតនេះ ឡើងវិញ ព្រោះផ្លូវមួយខ្សែរនេះ លោកប្រធានមន្ទីរសាធារណៈការ ធ្លាប់បានសន្យារួចមកហើយ កាលពីដើមឆ្នាំ២០១៥ ។ ប្រភពព័ត៌មានបន្តថា៖ផ្លូវក្រាលកៅស៊ូ១ខ្សែខាងលើបានរងការខូចខាតសារទឹកភ្លៀងដក់ កាលពីរដូវវស្សាកន្លងទៅ និងដោយសាររថយន្តដឹកទំនិញធំៗបើកបរឆ្លងកាត់ ណាមួយពុំមានប្រព័ន្ធលូសងខាងផ្លូវទើបបណ្តាលឲ្យមានទឹកដក់ដូច្នោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។
លោក ឌឹន គឹម ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងកាលរសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះថា៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជារឲ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការជួសជុលផ្លូវក្រាលកៅស៊ូ ដែលកំពុងរងការខូចខាតនេះ ហើយនេះក៏ជាការឆ្លើយតបក្នុងការសន្យាកាលពីពេលមុនដែរ ។ លោកប្រធានបានបន្តទៀតថា៖ ផ្លូវដែលរងការខូចខាតខាងលើនេះ គឺខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូន បានជួសជុលបណ្តោះអាសន្នម្តងរួចមកហើយ តែដោយសារតែពុំមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើ ទើបដឹកដីភ្នំចាក់ជាបណ្តោះអាសន្នសិន ហើយការខូចខាតយ៉ាងដំណំនេះដែរ ក៏ដោយសារទឹកភ្លៀងកន្លងទៅ ។ លោកប្រធានបន្តទៀតថា៖ ការសាងសង់ផ្លូវនេះ គឺធ្វើចាប់តាំងពីចុងខែតុលា និងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ទើបរួចរាល់ជាស្ថាពរ ដោយមានប្រវែងជិត៣គឺឡូមែត្រ ក្នុងនោះផ្លូវប្រវែង៣៤៥មែត្រគឺខាងមន្ទីរចាក់ផ្លូវប៉េតុង ព្រមទាំងដាក់លូប្រអប់សងខាង ។ លោកបានបន្តទៀតថា៖ ចាប់ពីចំងាយផ្លូវ៣៤៥ម៉ែត្រមកនេះ គឺខាងមន្ទីរអត់បានធ្វើលូបង្ហូរទឹកសងខាងផ្លូវនោះឡើយ ដោយទុកឱ្យក្រុមហ៊ុនផ្សេងទៀតចុះដេញថ្លៃជួសជុល ។ ចំណែកខាងមន្ទីរគ្រាន់តែដឹកដីភ្នំចាក់ឱ្យខ្ពស់ដើម្បីកុំឱ្យដក់ទឹក រួចក្រាលកៅស៊ូជាការស្រេច ។ ប៉ុន្តែលោកបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យផ្លូវ១ខ្សែនេះទទួលបាននូវគុណភាពល្អ ងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ ៕



































