ព្រះវិហារ៖ ចរាចរដឹកជញ្ជូនបទល្មើសព្រៃឈើនិងការស្តុកទុកឈើប្រណីតប្រភេទគ្រញូងធ្នង់នាងនួនខុសច្បាប់នៅតាមច្រកបុស្បូវជាំតែអូរចាក់ច្រែងអានសេះនិងរហូតដល់មុំ៣ជុំវិញតំបន់ប្រាសាទព្រះវិហារនៅទូទាំងស្រុកជាំក្សាន្ដមានសកម្មភាពគគ្រឹកគគ្រេងក្នុងដើមឆ្នាំ២០១៤នេះ។ ជាពិសេសការដឹកជញ្ជូនឈើគ្រញូងចេញពីទីរួមស្រុកជាំក្សាន្ដតាមរថយន្ដតូចធំមកកាន់ទីរួមខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ៦២យើងសង្កេតឃើញថាអស់រយះពេល៧ឆ្នាំមកហើយក្រុមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់គ្មានសមត្ថភាពបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនគ្រញូងខុសច្បាប់នោះទេ។
ប្រភពព័ត៌មានបានរាយការណ៍អោយដឹងច្បាស់ថាថៅកែគ្រញូងនិងឈ្មួញគ្រញូងទុច្ចរិតតែងតែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីយកធ្វើជាខ្នងបង្អែករឹងមាំជួយបើកផ្លូវនិងកាងផ្លូវអោយក្បួនរថយន្ដដឹកគ្រញូងខុសច្បាប់ទៅដោយរលូនឆ្លងកាត់ប៉ុស្ដិ៍កុងត្រូលជជុះសរុបប្រមាណជាង២០កន្លែងចេញពីតំបន់ស្រអែម,ទីរួមខេត្តព្រះវិហាររហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅច្រកមុំ៣បានអោយដឹងនៅព្រឹកថ្ងៃទី២៨មេសា២០១៤ថាឈ្មោះដួងពេជ្រជាទាហានពាក់សក្ដិ៥ប្រចាំទិសច្រកមុំ៣បានក្ដោបក្ដាប់ចំណូលបទល្មើសព្រៃឈើយ៉ាងណែនទាំងឈើគ្រញូងធ្នង់និងនាងនួននៅទីនោះគឺឈ្មួញឈើត្រូវរត់ការនិយាយចរចាបង់លុយអោយដួងពេជ្រជាមុនសិនទើបអាចរកស៊ីដឹកឈើខុសច្បាប់បានសុខស្រួល។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលស្និទ្ធជាមួយអ្នកសារព័ត៌មានបានអោយដឹងថាអំណាចឥទ្ធិពលរបស់ឈ្មោះដួងពេជ្រកំពុងល្បីល្បាញខ្លាំងណាស់ក្នុងជួរមន្ដ្រីនិងប្រជាជននៅទូទាំងស្រុកជាំក្សាន្ដដោយល្បីថារយះពេល៥ឆ្នាំមកនេះគាត់មានយីអ៊ុនខ្ពស់សល់លុយច្រើននិងធ្វើវីទ្បាប្រណីតចំនួន២គឺទី១នៅមុំ៣និង១ទៀតក្នុងទីរួមស្រុកជាំក្សាន្ដបានមកពីថៅកែគ្រញូងនិងឈ្មួញទិញឈើប្រណីតធ្នង់នាងនួនបង់លុយអោយគាត់ជាហូរហែរ។
ក្រៅពីដៃម្ខាងយកលុយពីថៅកែឈើទុច្ចរិតគឺដៃរបស់គាត់ម្ខាងទៀតជួញដូរឈើប្រណីតគ្រញូងធ្នង់និងនាងនួនដ៍ល្បីល្បាញផងដែរចាប់ពីទីរួមស្រុកជាំក្សាន្ដរហូតដល់ច្រកមុំ៣។ ពាក់ព័ន្ធព័ត៌មាននិយាយចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានបានទំនាក់ទំនងទៅកាន់លោកទាហានសក្ដិ៥ដួងពេជ្រគឺគាត់បានឆ្លើយតបយ៉ាងខ្លីថាគាត់មិនបានរកអីទេសព្វថ្ងៃនេះគាត់កំពុងរៀននៅភ្នំពេញ។
ប្រភពព័ត៌មានផ្សេងទៀតបានអោយដឹងច្បាស់ថាលោកដួងពេជ្រមានបក្ខពួកសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះវិហារមួយក្ដាប់តូចសហការរកស៊ីដឹកជញ្ជូនឈើគ្រញូងខុសច្បាប់និងស៊ីឈ្នួលកាងកំណាត់ផ្លូវជាតិលេខ៦២ក្នុងទីរួមខេត្តព្រះវិហារផ្ដាច់មុខថែមទៀត។ថៅកែគ្រញូងដ៍ល្បីល្បាញនិងមានឥទ្ធិពលបំផុតដែលអាជ្ញាធរជើងខ្លាំងមានសមត្ថកិច្ចមិនហ៊ានប៉ះពាល់ប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារក្នុងរយះពេល៧ឆ្នាំមកនេះគឺមានឈ្មោះហ៊ីមនិងឈ្មោះតេងមកពីខេត្តកំពង់ធំដូចគ្នា៕