ខេត្តកំពង់ឆ្នាំង៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទរំលោភស្ត្រីចាស់ជរាម្នាក់អាយុ៧៨ឆ្នាំ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុក
ទឹកផុស ។ ករណីនេះ មន្ត្រីនគរ បាលព្រហ្មទ័ណ្ឌខេត្ត ដែលកាន់សំរឿងនេះ បានសង្ស័យថា ជនប្រព្រឹត្តអំពើចាប់រំលោភយ៉ាងព្រៃផ្សៃនេះជាមនុស្សវិកលចរិក និងសុំមិនអោយអ្នកកាសែតថតនិងយកព័ត៌មាន។ ប្រជាពលរដ្ឋ នៅភូមិឃុំកន្លែងកើតហេតុ បាននិយាយអោយដឹងថា៖ ជនសង្ស័យរូបនោះ មានឈ្មោះ ជន សន អាយុ៤៨ រស់នៅភូមិឃុំកើតហេតុខាងលើ ។ បុរសរូបនេះជាមនុស្សប្រមឹកខួប ស្រវឹងស្រារាល់ថ្ងៃ។ នៅថ្ងៃកើតហេតុ ពេលស្រវឹង ជនសង្ស័យខាងលើនេះ បានឡើងទៅលើផ្ទះស្រ្តីរងគ្រោះ អាយុ៧៨ឆ្នាំ ជាស្ត្រីចាស់ជរា និងបានចាប់រំលោភស្ត្រី រងគ្រោះបានសម្រេច ហើយបានត្រឡប់ចុះមកដីវិញតែពុំទាន់មានអ្នកណាបានដឹងភ្លាមៗ នោះទេ ប៉ុន្តែក្រោយពេលកើតហេតុជាច្រើនម៉ោង ទើបក្រុមគ្រួសារជនរងគ្រោះបានដឹង ហើយបានប្តឹងសមត្ថកិច្ចនគរបាលស្រុកទឹកផុស ទើបមានការចាប់ខ្លួនក្រោយពេលកើតហេតុមួយថ្ងៃ ។ សមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានលួចនិ យាយអោយដឹងថា៖ ពេលសមត្តកិច្ចនគរបាលស្រុកបញ្ជូនជនសង្ស័យមកដល់សមត្ថកិច្ចនគរបាលខេត្តគេ មិនអាចសួរយកចម្លើយបាននោះទេ ព្រោះគេនៅស្រវឹងនៅឡើយ។ នៅយប់នោះ ជនសង្ស័យបានរត់ទាត់ធាក់ទ្វារដែកបន្ទប់ឃាត់ខ្លួន រហូតមានរបួសហូរឈាមប្រឡាក់ពេញខ្លួន និងត្រូវបានសមត្ថកិច្ចលាងនិងរុំរបួសអោយទាំងយប់។ លុះព្រឹកឡើងពេលនាំខ្លួនយកមកសាកសួរ ក៏នៅតែមិនអាចសួរយកចម្លើយបាន ព្រោះពេលសួរគោ ឆ្លើយក្របី ដោយសារតែបែបនេះហើយទើបសមត្ថកិច្ចសង្ស័យថា ជននេះសរសៃប្រសាទ។ ហេតុនេះហើយទើបសមត្ថកិច្ចនគរបាលខេត្ត បានសុំមិនផ្តល់ព័ត៌មានលំអិត និងមិនអនុញ្ញាតអោយអ្នកកាសែតថតរូបភាពផ្សាយ ។ ប្រជាពលរដ្ឋនៅមូលដ្ឋានកន្លែងកើតហេតុបានសំណូមពរថា៖ទោះបីជនសង្ស័យរូបនេះផឹកស្រាស្រវឹងខួបក្តី ក៏ជាមនុស្សដឹងខុសត្រូវមិនមែនឆ្កួតនោះទេ និងពេលខ្លះជនប្រមឹកនេះពូកែធ្វើឆ្កួតណាស់។ ចំណែកស្ត្រីរងគ្រោះវិញ ក៏ត្រូវជាបងប្អូនជាមួយជនសង្ស័យនេះដែរ ករណីនេះប្រជាពលរដ្ឋក្នុងភូមិ ពិ សេសក្រុមគ្រួសារជនរងគ្រោះ ស្នើសុំសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធី និងបញ្ជូនជនល្មើសទៅតុលាការខេត្តផ្តន្ទាតាមផ្លូវច្បាប់កុំលើកលែងឡើយ ព្រោះគេមិនមែនជាជនវិកលចរិកនោះទេ៕




































