​អាង​ខ្លួន​ជា​ប្អូន​អធិការ​ក្រុង ចូល​វាយ​គេ​ដល់​ក្នុងផ្ទះ រួច​ចាប់​ឃាត់ខ្លួន​កូនស្រី​គេ យកទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត ២​យប់​៣​ថ្ងៃ​

0

​ខេត្ត​ប៉ៃលិន​៖ បុរស​ម្នាក់​ដោយ​អាង​ខ្លួន​ជា​ប្អូនបង្កើត​របស់​អធិការ​ក្រុងប៉ៃលិន បានធ្វើ​សកម្មភាព​ជេរ​បញ្ជោរ​ក្នុងផ្ទះ​គេ រួច​វាយ​ម្ចាស់ផ្ទះ ព្រមទាំង​ហៅ​បង​ដែលជា​អធិការ​ឲ្យ​នាំ​កម្លាំង​មក​ចាប់​កូនស្រី​គេ យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង និង​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ធ្វើការ​ឃុំខ្លួន​រយៈពេល​២​យប់​៣​ថ្ងៃ ព្រោះតែ​ការខ្ចី​លុយ ចងការ​ប្រាក់ ។ ហេតុ​ការ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅផ្ទះ​ស្ត្រី​រងគ្រោះ ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា​៖ នៅ​ថ្ងៃកើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ប្អូន​របស់លោក​អធិការ​ក្រុងប៉ៃលិន បាន​ចូលទៅ​ក្នុងផ្ទះ​ស្រី្ត​រងគ្រោះ តែ​ប្រភព​មិនបាន​ដឹងថា តើ​បុរស​ម្នាក់នេះ​ចូលធ្វើ​អ្វី​នោះឡើយ ។ ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​៖ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឮ​សំឡេង​បុរស​ខាងលើ​ជេរ​បញ្ជោរ​ស្ត្រី​រងគ្រោះ ព្រមទាំង​លោត​ទៅ​ទះកំភ្លៀង​ស្ត្រី​រងគ្រោះ​មួយ​ដៃ ព្រមទាំង​ប្រតាយប្រតប់​គ្នា​ទៀតផង ។ បន្ទាប់មក​គេ​ឃើញ​ស្ត្រី​ម្នាក់ទៀត ដែល​គេ​ស្គាល​ថា​ជា​កូនស្រី​របស់​ស្ត្រី​រងគ្រោះ ស្ទុះ​មកជួយ​ដោយ​គប់​កែវ​ថ្ម សម្រាប់​ដាក់​ស្លាប់ព្រា​ទៅលើ​បុរស​នោះ​បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​ពេញ​អាវ ផ្នែក​ខាងក្រោយ ,​ពេលនោះ​បុរស​ដែលជា​ជនសង្ស័យ និង​ជា​ជនរងគ្រោះ បានទេ​ទូរស័ព្ទ​ហៅ​បងប្រុស​ដែលជា​អធិការ​ក្រុង ឲ្យ​មកជួយ​ដោះស្រាយ ។ ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ភ្លាមនោះ​ស្រាប់តែ គេ​ឃើញ​មាន​កម្លាំង​អធិការនគរបាល​ក្រុង​ចំនួន ០៣ រថយន្ត មក​ឈប់ ដោយមាន​ក្រឡាបញ្ជី​មកជា​មួយ ហើយក៏​ចាប់​កូនស្រី​ស្ត្រី​រងគ្រោះ​ដាក់​លើ​ឡាន ដោយ​មិន​និយាយ​ឲ្យ​ដឹង​សាច់រឿង យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ផងដែរ ។​
​បើតាម​ស្ត្រី​រងគ្រោះ​ឈ្មោះ ចាន់ ស៊ី​វន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង បាន​រៀប​រាប់ទាំង​អ៊ួ​ល​ដើម​ក ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា​៖ នៅ​ថ្ងៃកើតហេតុ​គឺ​គាត់​នៅ​បន្ទប់​ខាងក្រោយ​ផ្ទះ​កំពុង​ធ្វើ​ម្ហូប ស្រាប់តែ​ឮ​មានកា​រឡូរឡា រូបគាត់​ក៏​ចេញមក​មើល ក៏​ឃើញ​កូនស្រី​គាត់​ឈ្មោះ ណាំ រី​ណា ហៅ​ស្រីណូ កំពុង​ប្រកែក​គ្នា​ជាមួយ​ឈ្មោះ លឹម ដា​រា ពាក់ព័ន្ធ​លុយ​ប្រចាំខែ ដែល​បាន​ខ្ចី ។ ពេល​គាត់​ចេញមក​មិនបាន​និយាយ​អ្វី​ផង ស្រាបតែ​ឈ្មោះ លឹម ដា​រា បាន​ស្រែកជេរ​ប្រមាទ​រូបគាត់​ថា​«​មី​កញ្ចាស់ ពួក​ង៉ែ​ង​ចង់​ធ្វើ​អី​អា​ញ់​» ព្រមទាំង​លោត​ទៅ​ទះកំភ្លៀង​គាត់​មួយ​ដៃ ហើយក៏​មានការ​វាយ​គ្នា​ចុះឡើង ។ ស្ត្រី​រងគ្រោះ​បន្តទៀតថា​៖ ពេលនោះ​កូន​របស់គាត់​ឈ្មោះ ណាំ រី​ណា ហៅ​ស្រីណូ ឃើញ​ដូច្នោះ​ក៏​ទាញ​កែវ​ថ្ម សម្រាប់​ដាក់​ស្លាប់ព្រា គប់​ទៅលើ​ឈ្មោះ លឹម ដា​រា ដែលជា​ជនបង្ក ព្រោះ​ដើម្បី​ជួយ​ម្តាយ បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​ពេញ​អាវ ផ្នែក​ខាងក្រោយ ក្នុង​គ្រា​នោះដែរ​ឈ្មោះ លឹម ដា​រា បានទេ​ទូរស័ព្ទ​ហៅ​បងប្រុស​ដែលជា​អធិការ​ក្រុង ឲ្យ​មកជួយ​ដោះស្រាយ ។ ភ្លាមនោះ​ស្រាប់តែ មាន​កម្លាំង​អធិការនគរបាល​ក្រុង​ចំនួន ០៣ រថយន្ត មក​ឈប់ ព្រមទាំង​មាន​ក្រឡាបញ្ជី​មកជា​មួយ​ផង ក៏​ចាប់​កូនស្រី​គាត់​ដាក់​លើ​ឡាន ដោយ​មិន​និយាយ​អ្វី​ទាំងអស់ យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​បាត់​តែម្តង ។
​ប្រភព​ព័ត​មាន​សូម​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​បង្ហើ​ប្រាប់​អ្នកយកព័ត៌មាន​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ថា​៖ បុរស​ដែល​ចូលទៅ​វាយ​ស្ត្រី​រងគ្រោះ​មានឈ្មោះ លឹម ដា​រា អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​ប្អូន​របស់លោក​អធិការ​ក្រុងប៉ៃលិន ឈ្មោះ លឹម វាសនា ។ ប្រភពព័ត៌មាន បាន​លើក​ជា​សំនួ​រថា តើ​បុរស​ឈ្មោះ​លឹម ដា​រា អាង​ខ្លូន​ជា​ប្អូន​របស់​អធិការ​ឬ បានជា​ហ៊ាន​ចូលទៅ​វាយ​គេ​ដល់​ក្នុងផ្ទះ ដោយ​មិន​ញញើត​ច្បាប់ ព្រមទាំង​ឲ្យ​បងប្រុស​ដែលជា​អធិការ​ក្រុង​ចាប់​កូនស្រី​គេ យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ទៀត​នោះ ៕រូបភាព សេង សុវណ្ណារិទ្ធ (3) រូបភាព សេង សុវណ្ណារិទ្ធ (1)