កំពង់ឆ្នាំង៖ ដើម្បីសិក្សាស្វែងយល់ពីការបង្វឹកសុនខអោយចេះរាវរកមីន របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រុមគណៈប្រតិភូឯកអគ្គរាជទូតនៃប្រទេសន័រវ៉េ ដែលដឹកនាំដោយឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
បានអញ្ជើញមកទស្សនៈកិច្ចសិក្សាស្រាវជ្រាវពីបច្ចេកទេសរបស់គ្រូជំនាញកម្ពុជា និងសុនខហិតមីនកម្ពុជា នៅក្នុងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាខេត្តកំពង់ឆ្នាំង។នៅក្នុងដំណើរទស្សនៈកិច្ចស្វែងយល់នេះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងបញ្ជាក់ប្រាប់ថា៖ ប្រទេសន័រវ៉េ គឺជាប្រទេសមួយដែលបានជួយដល់កម្ពុជាទាំងថវិការ សម្ភារៈ និងសុនខហិតមីន ដើម្បីធ្វើការសំអាតគ្រាប់មីននៅកម្ពុជាដែលនៅសេសសល់ពីសម័យសង្គ្រាម។ថ្ងៃនេះឯកអគ្គរាជទូតប្រទេសន័រវ៉េប្រចាំកម្ពុជា និងប្រតិភូអមដំណើរបានអញ្ជើញមកទស្សនៈកិច្ចសិក្សាស្វែងយល់ ថាតើសុនខដែលគ្រូជំនាញកម្ពុជាយើងបានបង្វឹកកន្លងមក មានសមត្ថភាពក្នុងការរាវរកមីនប៉ុណ្ណា។ក្នុងពេលនោះដែរឯកឧត្តម ហេង រតនា បាននាំភ្ញៀវបានស្វែងយល់ដោយផ្ទាល់ពីការបង្ហាត់សុនខអោយចេះហិតរកសារធាតុផ្ទុះ, ការបង្វឹកអោយសុនខចេះហិតស្គាល់សារធាតុផ្ទុះ, ការហិតរកសារធាតុផ្ទុះនៅលើចំការមីន, ការហិតរាវរកសារធាតុផ្ទុះនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាគារ សហគ្រាស ក្រុមហ៊ុន និងយានយន្តដែលមានផ្ទុកសារធាតុផ្ទុះ, ការបង្ហាញពីការធ្វើលំហាត់ប្រាណរបស់សុនខដើម្បីសុខភាព។ក្រោយពីបានពីបានជូនឯកអគ្គរាជទូត និងគណៈប្រតិភូប្រទេសន័រវ៉េទស្សនាពីការហ្វឹកហាត់របស់សុនខកម្ពុជាហើយនោះ ឯកឧត្តម ហេង រតនា បានធ្វើបទបង្ហាញពីសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាកាលពីជាង២ទស្សវត្សមុន និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ព្រមទាំងលទ្ធផលការងាររបស់ដែលមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានធ្វើ។ ក្នុងការជូនដំណើរគណៈប្រតិភូស្វែងយល់ពីការខិតខំរបស់អង្គភាពស៊ីម៉ាក់លើកនេះ គឺក្នុងគោលបំណងស្វែងរកជំនួយបន្ថែមពីប្រទេសជាដៃគូ និងដោយសារតែគំរោងចាស់ត្រូវបានបញ្ជប់ ដូចនេះថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានខិតខំរកដៃគូជំនួយ ជួយលើកិច្ចការកំចាត់មីននៅកម្ពុជាដែលជាការងារមនុស្សធម៌មួយមិនអាចជៀសវាងបាន៕




































