ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រួវបានប្តីដែលជាមនុស្សញៀនម៉ា វាយនិងបំពង់ទីប បណ្តាលឲ្យរងរបួសធ្ងន់ ត្រួវបានសាច់ញាត្តិដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកប្តីដែលជាជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៏អំពើហិង្សាខាងលើ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ស្ត្រីរងគ្រោះមានឈ្មោះ សាត ធីតា អាយុ៣៤ឆ្នាំ មុខរប មេផ្ទះ រងរបួសបែកក្បាលដេរចំនួន០៦ថ្នេរ ជំរៅដល់លលាដ៏ និងរបួសជើង ដោយវាយចំនួន០៤ដែកទីប ។ ចំណែកប្តីដែលជាជនសង្ស័យឈ្មោះ ម៉ម ហ៊ាងភេទប្រុសអាយុ៣៣ឆ្នាំមុខរបកាប់ជ្រូក រស់នៅភូមិកើតហេតុខាងលើ បានរត់គេចខ្លួនបាត់ស្រមោល ។
លោក ស៊ិន តាំ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនសង្ស័យដែលជាប្តី បានមកពីមើលខុនស៊ើត ហើយក៏មានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច រឿងដើរយប់ ពេលនោះជនសង្ស័យដែលជាប្តីខឹងក៏ជេរម៉ែស្ត្រីរងគ្រោះ ខណៈនោះស្ត្រីរងគ្រោះនិយាយថាហែងកុំជេរម៉ែអាញ គ្រានោះប្តីខឹងក៏ទាញបំពង់ទីបវាយទៅលើស្ត្រីរងគ្រោះតែម្តង ។ លោកនាយការិយាល័យបន្តទៀតថា៖ ករណីអំពើហិង្សាខាងលើនេះមិនមែនកើតឡើងតែម្តងនោះទេ គឺកើតឡើងជាច្រើនដងមកហើយ មានពេលខ្លះច្របាច់កស្ត្រីរងគ្រោះរហូតដល់សន្លាប់ ទៀតផង ។ លោកបញ្ជាក់ថា ប្តីដែលជាជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយនៅពេលកើតហេតុគឺស្ត្រីរងគ្រោះ ត្រួវបានប្តីដែលជាជនសង្ស័យវាយចំក្បាល ដេរអស់ចំនួន០៦ថ្នេរ មានជំរៅដល់លលាដ៏ក្បាល ព្រមទាំងវ៉ៃជើងចំនួន០៤ដែកទីបឡើងកោង ។ បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពុងធ្វើការស្រាវជ្រាវរកប្តី ដែលជាជនសង្ស័យ មកដោះស្រាយគ្នាតាមនីតិវិធី ចំណែកស្ត្រីជនរងគ្រោះ កំពង់សំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ៕




































