ខេត្តកំពង់ឆ្នាំង៖ លបលូស្បៃមុងចំនួន៣៣មាត់ របាំងស្បៃមុងប្រវែង១៣៥០ម៉ែត្រ បង្គោល៨០០ដើម ត្រូវបានសមត្ថកិច្ចចំរុះបង្ក្រាបនឹងបំផ្លាញចោល និងបានចាក់លែងកូនត្រីគ្រប់ប្រភេទចូលទន្លេវិញចំនួន១៨០គីឡូក្រាម។កិច្ចប្រតិបត្តការនេះ បានធ្វើឡើងពេញមួយថ្ងៃ គឺនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច២ផ្សេងគ្នាក្នុងស្រុកជលគីរី ដែលដឹកនាំដោយលោកនាយខ័ណ្ឌ និងលោកនាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ព្រមទាំងមានការសហការចូលរួមពីអាជ្ញាធរស្រុក ឃុំ កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។
លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖ ក្រោយការសហការចូលរួមផ្តល់ព័ត៌មានជាក់លាក់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីទីតាំងដាក់បទល្មើសរបាំងស្បៃមុងដែលមានទ្រង់ទ្រាយធំរួចមក ខ័ណ្ឌរដ្ឋបាលជលផលបានសហការជាមួយអាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចនគរបាល កម្លាំងកងរាជអាវុធហត្ថស្រុក ចុះទៅបង្ក្រាបតែម្តង។
នៅក្នុងការបង្ក្រាបបទល្មើសលើកនេះ គឺខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាសើកំលាំងសរុបមានចំនួន២១នាក់ ចែកចេញជា២ក្រុម ដែលក្នុងនោះក្រុមទី១ដឹកនាំដោយលោកនាយខ័ណ្ឌផ្ទាល់បានបង្ក្រាបនៅចំណុចជ្រោយញរ ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី បានរបាំងស្បៃមុងប្រវែង៨០០ម៉ែត្រ លបលូស្បៃមុង១៤មាត់ បង្គោល៥០០ដើម និងបានចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលទន្លេវិញចំនួន១០០គីឡូក្រាម។
ដោយឡែកចំណុចទី២ដឹកនាំដោយលោក ប្រាក់ លាងហួរ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង គឺបង្ក្រាបនៅចំណុចក្រោយសាលាឃុំពាមឆ្កោក ស្រុកជលគីរី ដោយបង្ក្រាបបានរបាំងស្បៃមុងប្រវែង៥៨០ម៉ែត្រ លបលូស្បៃមុងចំនួន១៩មាត់ បង្គោល៣០០ដើម និងបានចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលទន្លេវិញបានចំនួន៨០គីឡូក្រាមផងដែរ។ក្នុងចំណុចទាំង២ សម ត្ថកិច្ចចំរុះបង្ក្រាបបានរបាំងស្បៃមុងជាង១.៣៥០ម៉ែត្រ លបលូស្បៃមុង៣៣មាត់ និងបង្គោល៨០០ដើម ឧបករណ៍ល្មើសទាំងនេះសមត្ថកិច្ចចំរុះបានរើរុះបំផ្លាញចោលនៅនឹងកន្លែងតែម្តង។
លោក សោម ភិរុណ សំណូមពរដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការផ្តល់ព័ត៌មានជាក់លាក់ពីបទល្មើសនេសាទគ្រប់ប្រភេទ ក៍ដូចជាបានចូលរួមទប់ស្កាត់បទល្មើសនេសាទ នឹងសូមប្រើប្រាស់តែឧបករណ៍នេសាទណាដែរច្បាប់អនុញ្ញាត ដើម្បីថែរក្សាការពារពូជពង្សមច្ឆាជាតិយើងអោយបានគង់វង្ស សំរាប់យើងទាំងអស់គ្នា៕