ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមគោលការណ៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ក្នុងការយកចិត្តទុកដាក់ចំពោះនិវត្តន៍ជន និងជនចាស់ជរា នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារគណៈបក្សប្រជាជនកម្ពុជានៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បាននាំយកថវិកាចំនួន៥៤១ម៉ឺនរៀល ផ្តល់ជូនក្រុមគ្រួសារសពលោកតា ហេង អុន អាយុ៨២ឆ្នាំ ជានិវត្តន៍ជនរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅក្នុងភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ។
ក្នុងឱកាសប្រគល់ប្រាក់ឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពខាងលើនេះ លោក យិន បូរិន អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត តំណាងលោក កែវ ពៅ ប្រធានមន្ទីរសាធាធារណៈការ និងដឹកជញ្ជូនខេត្ត បានពាំនាំនូវការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងបានមានប្រសាសន៍ថា៖ តាមគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដោយមានការយកចិត្តទុកដាក់បន្ថែមពីឯកឧត្តមអភិបាលខេត្ត គឺគ្រប់មន្ត្រីរាជការដែលបានចូលនិវត្តន៍ សាម៉ីមន្ទីរត្រូវយកចិត្តទុកដាក់មើលថែទាំគាត់ ព្រោះជនចូលនិវត្តន៍ មានគុណបំណាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័នជាមួយថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជារាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយមិនត្រូវបោះបង់គាត់ចោលឡើយ។
លោកបានបន្តថា ជួសមុខអោយលោក កែវ ពៅ និងក្រុមការងារគណៈបក្សប្រជាជនកម្ពុជានៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្រុមការងារគណៈបក្សបាននាំយកថវិការជាង៥៤១ម៉ឺនរៀល ជូនក្រុមគ្រួសារសពលោកតាជានិវត្តន៍ជន ដើម្បីចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពលោកតា តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលនេះគឺជាការតបស្នងចំពោះគុណបំណាច់របស់លោកតា និងក្រុមគ្រួសារ។
នៅក្នុងពេលនោះដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោក កែវ ពៅ និងក្រុមការងារគណៈបក្សប្រជាជនកម្ពុជាគ្រប់រូបនៅក្នុងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះនិវត្តន៍ជននិងក្រុមគ្រួសាររបស់គាត់ និងសូំជូនពរអោយក្រុមការងារទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការជារៀងរហូតតទៅ៕