ខេត្តប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រួវបានកម្លាំងនគរបាលចំរុះ នៃស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនពាកព័ន្ធការប្រើប្រាស់គ្រឿងញៀន ព្រមជាមួយវត្ថុតាងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ស៊ិន សុភាលក្ស្មី ស្នងការរង ទទួលបន្ទុកស្រាវជ្រាវអាវុធជាតិផ្ទុះ និងលោកវរសេនីយ៍ទោ សោម ប៉ិម ស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ជកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជា ពុំ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួមនិងភស្តុតាងឧបករណ៍ប្រើប្រាស់មួយចំនួន ព្រមជាមួយម៉ូតូចំនួនមួយគ្រឿងផងដែរ ។
លោកវរសេនីយ៍ឯក ស៊ិន សុភាលក្ស្មី ស្នងការរង នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន លើការងារជំនាញ ប្រឆាំងបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន និងដើម្បីចូលរួមក្នុងការអនុវត្តន៍គោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងដោយយោងតាមបណ្តាញសំងាត់ រាយការណ៏ នៅថ្ងៃកើតហេតុខាងលើ រូបលោកនិងស្នងការរងគឺលោកវរសេនីយ៍ទោ សោម ប៉ិម បានដឹកនាំកម្លាំងនគរបាលចម្រុះ ធ្វើការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនស្ថិតនៅចំណុចភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ រួមនិងភស្តុតាងឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូចំនួនមួយគ្រឿងផងដែរ ។ លោកបានបន្តទៀតថា៖ បញ្ហាគ្រឿងញៀន ជាបញ្ហាខុសច្បាប់ ដែលពួកឈ្មួញទុច្ចរិត និងជនប្រព្រឹត្តបទល្មើស មានកលល្បិចតាមរូបភាពច្រើនយ៉ាង ដូចជា ប្រើប្រាស់ស្ត្រីភេទ កុមារ ក្នុងការចរាចរណ៍ លក់ចែកចាយ មានតាមរយៈទូរស័ព្ទ ការប្រគល់ និងទូទាត់ប្រាក់ នៅតាមទីសាធារណៈឬ កន្លែងកំសាន្តនានា ក្នុងការប្រើប្រាស់ ដោយលួចលាក់បំផុត ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿង ចាត់ការទៅតាមនិតិវិធីច្បាប់ និងធ្វើការស្រាវជ្រាវរកអ្នកចែកចាយបន្តទៀត ៕